រាជធានីភ្នំពេញ៖ កេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) កំពុងត្រូវបានបន្តរក្សាទុក និងផ្សព្វផ្សាយជាប្រភពចំណេះដឹងសម្រាប់សាធារណជន និងមនុស្សជំនាន់ក្រោយ ខណៈលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូសារព័ត៌មានចំនួន២៧រូប មកពី២៣អង្គភាព ចុះទស្សនកិច្ចសិក្សានៅ អ.វ.ត.ក. នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសិក្សាឈ្វេងយល់ពីសមិទ្ធផល ដំណើរការកាត់ក្តី និងកេរដំណែលរបស់ស្ថាប័ននេះ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។
ក្រោយបញ្ចប់ការជំនុំជម្រះក្តីនៅចុងឆ្នាំ២០២២ អ.វ.ត.ក. បានបន្តអនុវត្តមុខងារសេសសល់ ដោយផ្តោតលើការរក្សាទុក និងផ្សព្វផ្សាយកេរដំណែលរបស់ខ្លួន។ ក្នុងនោះ បានបង្កើត មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានសមាសភាគចំនួន៦ រួមមាន បណ្ណាល័យ និងកន្លែងសិក្សាស្រាវជ្រាវ និហិតដ្ឋានបណ្ណសារ សាលពហុបំណង បន្ទប់ពិគ្រោះយោបល់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍អំពីដំណើរការកាត់ក្តី និងឧទ្យានសម្រាប់ការចងចាំ។ មជ្ឈមណ្ឌលធនធានចល័តតាមរយៈរថយន្តក្រុង ក៏ត្រូវបានប្រើប្រាស់ដើម្បីនាំយកចំណេះដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. ទៅដល់វិទ្យាល័យ សាកលវិទ្យាល័យរដ្ឋ និងសាធារណជននៅរាជធានីភ្នំពេញ និងខេត្តទាំង២៥។
បើតាមលោក យ៉ា រសាត់ មន្ត្រីផ្នែកកិច្ចការសាធារណៈ បានឱ្យដឹងថា ក្នុងអំឡុងដំណើរការកាត់ក្តី អ.វ.ត.ក. បានដំណើរការសវនាការចំនួន៦៣៩លើក ដោយមានសាក្សី និងអ្នកជំនាញ២១៩នាក់ផ្តល់សក្ខីកម្ម និងជនរងគ្រោះ៣.៩៤៥នាក់ចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណី។ ជាមួយគ្នានេះ មានពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន១០.៣៦៧ និងគម្រោងផ្តួចផ្តើមស្តីពីសំណងរដ្ឋប្បវេណីចំនួន២៦ ត្រូវបានអនុម័ត។ អ.វ.ត.ក. ក៏បានចេញសាលក្រម សេចក្តីសម្រេច និងដីកាតុលាការចំនួន១.៣៦០ ព្រមទាំងតម្កល់ឯកសារជាង២៣២.០០០ ដែលស្មើនឹងប្រមាណ២,៥លានទំព័រ។
លទ្ធផលទាំងនេះត្រូវបានសម្រេចតាមរយៈការគាំទ្រថវិកាចំនួន៣៦៩លានដុល្លារអាម៉េរិកពីសហគមន៍អន្តរជាតិ ក្នុងអំឡុងឆ្នាំ២០០៥-២០២៥ និង៥២លានដុល្លារអាម៉េរិកពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ អ.វ.ត.ក. បានផ្សព្វផ្សាយការងាររបស់ខ្លួនទៅដល់មនុស្សប្រមាណ៦៤០.០០០នាក់ ក្នុងដំណាក់កាលតុលាការ ដែលបង្ហាញពីវិសាលភាពនៃការផ្សព្វផ្សាយ និងការចូលរួមរបស់សាធារណជនក្នុងការឈ្វេងយល់អំពីដំណើរការយុត្តិធម៌។
សកម្មភាពផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសរបស់ អ.វ.ត.ក. សម្រេចបានលទ្ធផលសរុបចំនួន១.០៥៧.៤៨៧ ក្នុងនោះមានសវនាការ២៤៤.៦៦៨លើក ទស្សនកិច្ចផ្សព្វផ្សាយ២៨០.៨៥០លើក អ្នកទស្សនា១៤.៤០៨នាក់ គណៈប្រតិភូ២.៣៣២នាក់ ការបញ្ចាំងភាពយន្ត៧២.៤៨១លើក បាឋកថា១០៤.៤១៨លើក ការផ្សព្វផ្សាយតាមរថយន្តក្រុង២០៧.៣៥៧លើក និងការប្រើប្រាស់បណ្ណាល័យ១៣០.៩៧៣លើក។ លទ្ធផលនេះឆ្លុះបញ្ចាំងថា បន្ទាប់ពីបញ្ចប់ការជំនុំជម្រះ កេរដំណែលរបស់ អ.វ.ត.ក. នៅតែមានតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការរក្សាការចងចាំរបស់សង្គមកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើយោងតាមតាមរបាយការណ៍៕






ចែករំលែកព័តមាននេះ