សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី មានការស្រងាកចិត្តយ៉ាងខ្លាំង ក្រោយកើតមានការបាញ់ប្រហារគ្នា រវាងភ្នាក់ងារសន្តិសុខ២របស់ប្រទេស ដែលប្រជែងគ្នានៅតាមដងវិថីនានានៃក្រុងគៀវ ។ ឧប្បត្តិហេតុនោះ នាំឲ្យមានការចោទជាសំនួរលើសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការត្រួតត្រាលើភ្នាក់ងារទាំងនោះ ដែលឥទ្ធិពលរបស់ពួកគេកាន់តែកើនឡើងមិនឈប់ឈរ ចាប់តាំងពីរុស្ស៊ីវាយលុកទ្រង់ទ្រាយធំចូលអ៊ុយក្រែនពីឆ្នាំ២០២២មក ។

ការបាញ់តតាំងគ្នាកើតមាន នាយប់ថ្ងៃទី១ កញ្ញា និងបន្តនាព្រឹកថ្ងៃទី២ កញ្ញា ក្នុងសង្កាត់មួយនៃក្រុងគៀវ ។ នេះបើតាមការរៀបរាប់របស់កាសែត FINANCIAL TIMES ។ ភ្នាក់ងារ SBU ដែលជាភ្នាក់ងារសន្តិសុខផ្ទៃក្នុងអ៊ុយក្រែនដ៏ខ្លាំង ដំបូងអះអាងក្នុងសេចក្ដីប្រកាសមួយថា ប្រតិបត្តិការរួមមួយជាមួយភ្នាក់ងារស៊ើបការណ៍យោធា HUR អាចនាំទៅដល់ការកម្ទេចការវាយប្រហារភេរវកម្មមួយរបស់រុស្ស៊ីសំដៅលើមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំប្រឆាំងរុស្ស៊ី ។

៤ម៉ោងក្រោយមក SBU បានធ្វើការបកស្រាយលើកទី២ ដែលខុសគ្នាស្រឡះជាមួយសេចក្ដីប្រកាសលើកដំបូងរបស់ខ្លួន។ ដោយមិននិយាយពីកិច្ចសហការជាមួយ HUR ភ្នាក់ងារសន្តិសុខផ្ទៃក្នុងអះអាងថា បានប្រឈមមុខគ្នាជាមួយបុគ្គល១ក្រុម ដែលប៉ុនប៉ងរារាំងភ្នាក់ងារខ្លួន ក្នុងការឆែកឆេរមួយ ។ ពេលនោះ បណ្ដាសមាជិកកងឯកភាពពិសេសALPHA របស់SBU បានបាញ់ប្រហារនិងចាប់ខ្លួនមនុស្ស៣នាក់ ដែលជាសមាជិករបស់កងឯកភាពមួយ ក្នុងចំណោមកងឯកភាពនៃកងកម្លាំងការពារអ៊ុយក្រែន។

SBU បញ្ជាក់ថា មនុស្សច្រើននាក់រងរបួស ក្នុងនោះ មានបណ្ដាមនុស្សដែលបាញ់តតាំង។ សារព័ត៌មានអ៊ុយក្រែនមួយរៀបរាប់ពីសមាជិករបស់ HUR ៣នាក់រងរបួស។ ការប៉ះទង្គិចរវាងគ្នាឯងនោះកើតមានបន្ទាប់ពីក្រុងគៀវចាប់តាំងពី៦ថ្ងៃជាប់គ្នាមកហើយ រងការវាយប្រហារខ្លាំងក្លាដោយមីស៊ីលនិងដ្រូនរេអាក់ទ័រ់រុស្ស៊ី ៕
ចែករំលែកព័តមាននេះ