ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម CV បងប្អូន! ពិព័រណ៍​ជាតិ​ការងារ និង​ផលិតភាព​ការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការងារ​ជាង ៣៥,០០០​កន្លែង ពី​ក្រុមហ៊ុន និង​សហគ្រាស ១៥០

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ មហា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​ប្រចាំឆ្នាំ​នឹង​វិល​ត្រឡប់ ​មក​ជួប​យុវជន សិស្ស​-​និស្សិត និង​អ្នក​ស្វែងរក​ការងារ​ជា​ថ្មី​ទៀត​ហើយ ដោយនៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការងារ និង​ផលិតភាព​ការងារ នឹង​នាំ​មក​នូវ​ឱកាស​ការងារ​ជាង ៣៥,០០០​កន្លែង ពី​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ប្រមាណ ១៥០ នៅ​ថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ជាប់​រវាង​អ្នក​ស្វែងរក​ការងារ និង​និយោជក ដើម្បី​ឱ្យ​យុវជន សិស្ស​-​និស្សិត អ្នក​បញ្ចប់​ការ​សិក្សា និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ឱកាស​ការងារ អាច​ស្វែងរក​ការងារ​សម​ស្រប​ទៅ​តាម​ជំនាញ សមត្ថភាព និង​ចំណាប់អារម្មណ៍​របស់​ខ្លួន​បាន​កាន់តែ​ងាយស្រួល ​។

លោក​បន្ត​ថា ពិព័រណ៍​ជាតិ​ការងារ និង​ផលិតភាព​ការងារ ឆ្នាំ​២០២៦ ត្រូវ​បាន​សហការ​រៀបចំ​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) ព្រមទាំង​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) និង​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ​។

«​តាម​រយៈ​ព្រឹត្តិការណ៍​នេះ អ្នកចូលរួម​នឹង​អាច​ទទួល​បាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​ជា​ច្រើន ដើម្បី​ស្វែង​យល់​អំពី​តម្រូវការ​កម្លាំង​ពលកម្ម លក្ខខណ្ឌ​ការងារ មុខ​តំណែង​ការងារ និង​ឱកាស​អភិវឌ្ឍ​អាជីព​នៅ​ក្នុង​ស្ថាប័ន​នីមួយ​ៗ»​។ នេះ​បើ​តាម​ការ​បញ្ជាក​ពី​លោក ស៊ុន មេ​សា ​។

លើស​ពី​នេះ លោក​ថា អ្វី​ដែល​កាន់តែ​ពិសេស សម្រាប់​អ្នក​ស្វែងរក​ការងារ ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ដោយ​អាច​បង្កើត​ប្រវត្តិរូប​សង្ខេប​(CV) ដាក់​ពាក្យ និង​ចូល​សម្ភាស​ការងារ​ភ្លាម​ៗ ជាមួយ​តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ។

ក្រៅពី​ការ​ស្វែងរក​ការងារ ពិព័រណ៍​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​ចូលរួម សិក្ខាសាលា​ស្តី​ពី​ការ​លើកកម្ពស់​ផលិតភាព​ការងារ ដែល​នឹង​មានការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ​ពី​វាគ្មិន និង​អ្នកជំនាញ​ពាក់ព័ន្ធ​។

លោក ស៊ុន មេ​សា ថ្លែង​ថា សូមកុំ​ឱ្យ​ឱកាស​ការងារ​ជាង ៣៥,០០០​កន្លែង​កន្លង​ផុត​ទៅ ដោយ​មិន​បាន​សាកល្បង​។ នៅ​ថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​កោះ​ពេជ្រ អាច​ជា​ចំណុច​ចាប់ផ្តើម ​សម្រាប់​អាជីព​ថ្មី​របស់​យុវជន និង​អ្នក​ស្វែងរក​ការងារ​ជា​ច្រើន​នាក់ ​។

ជាមួយ​គ្នា​នេះ អ្នក​ដែល​មិន​អាច​អញ្ជើញ​ចូលរួម​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក៏​អាច​ចូលរួម​ស្វែងរក​ឱកាស​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ តាម​រយៈ​គេហទំព័រ careerfair.nea.gov.kh ដែល​អនុញ្ញាត​ឱ្យ​អ្នក​ស្វែងរក​ការងារ​អាច​ចូល​មើល​ព័ត៌មាន​មុខ​តំណែង​ការងារ និង​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ​។

ពិព័រណ៍​ជាតិ​ការងារ និង​ផលិតភាព​ការងារ ឆ្នាំ​២០២៦ ត្រូវ​បាន​ចាត់ទុកជា​ឱកាស​ដ៏​មាន​សារៈសំខាន់​សម្រាប់​យុវជន និង​អ្នក​ស្វែងរក​ការងារ ជា​ពិសេស​ក្នុង​បរិបទ​ដែល​ទីផ្សារ​ការងារ​កំពុង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស និង​តម្រូវ​ឱ្យ​កម្លាំង​ពលកម្ម​មាន​ជំនាញ សមត្ថភាព និង​ចំណេះដឹង​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​និយោជក​ ។

ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​អាច​ជួយ​ឱ្យ​អ្នក​ស្វែងរក​ការងារ​ស្គាល់​កាន់តែ​ច្បាស់​អំពី​ទីផ្សារ​ការងារ និង​អាច​ប្រៀបធៀប​ឱកាស​ការងារ​ពី​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ទីតាំង​តែ​មួយ​។ ជា​ពិសេស យុវជន​អាច​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​សួរ​ផ្ទាល់​ទៅ​កាន់​និយោជក​អំពី​លក្ខខណ្ឌ​ការងារ ជំនាញ​ដែល​ត្រូវការ និង​ផ្លូវ​អភិវឌ្ឍ​អាជីព​នា​ពេល​អនាគត ​។

សម្រាប់​ព័ត៌មាន​បន្ថែម អ្នក​ចាប់អារម្មណ៍​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ ឬ ០១៧ ៨៧១ ៨០៧ ឬ​ទំនាក់ទំនង​តាម Hotline ១២៩៧ ៕ អត្ថបទសហការ