រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីគយ និងរដ្ឋាករ បានធ្វើការត្រួតពិនិត្យអ្នកដំណើរភេទប្រុស សញ្ជាតិម៉ាឡេស៊ី ១នាក់ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកោះតៃវ៉ាន់ ។
ជាលទ្ធផល នៃការត្រួតពិនិត្យ មន្ត្រីគយ និងរដ្ឋាករ បានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១ កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើរខាងលើ ។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយ មន្ត្រីគយ និងរដ្ឋាករ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលជំនាញប្រឆាំងគ្រឿងញៀនមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន ៕




ចែករំលែកព័តមាននេះ