ទីក្រុងវៀងចន្ទន៍៖ អាជ្ញាធរឡាវបានឃាត់ខ្លួនជនសង្ស័យយ៉ាងហោចណាស់ ៦,២០០នាក់ ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញឆបោកអនឡាញ ចាប់តាំងពីដើមឆ្នាំ២០២៦ ខណៈការបង្ក្រាបកំពុងត្រូវបានពង្រីកទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
នៅចុងខែសីហា អាជ្ញាធរវៀងចន្ទន៍បានឆ្មក់ចូលទីតាំងចំនួន២ នៅស្រុកសៃសេដ្ឋា និងឃាត់ខ្លួនមនុស្ស ១៣៩នាក់ ព្រមទាំងរឹបអូសឧបករណ៍អេឡិចត្រូនិក និងសម្ភារៈទំនាក់ទំនងជាច្រើន។ ក្នុងខែសីហាតែមួយ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យជិត ៩០០នាក់ ពីប្រតិបត្តិការនៅទីតាំងយ៉ាងហោចណាស់ ១២កន្លែង។
ក្នុងចំណោមប្រតិបត្តិការធំៗ កាលពីថ្ងៃទី១៨ ខែកក្កដា ប៉ូលិសបានឃាត់ខ្លួនមនុស្ស ៥៨៩នាក់ នៅអគារមួយកន្លែងក្នុងស្រុក ហាតសៃហ្វុងដែលភាគច្រើនជាជនជាតិថៃ។ ចំណែកថ្ងៃទី៨ ខែសីហា អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យ ២៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញឆបោកតាមទូរគមនាគមន៍ និងល្បែងស៊ីសងនៅតំបន់សេដ្ឋកិច្ចពិសេសបឹងថាត់ហ្លួង។
អាជ្ញាធរឡាវកំពុងបន្តសាកសួរ និងស៊ើបអង្កេត ដើម្បីស្វែងរកមេខ្លោង និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនេះ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីការចាប់ខ្លួនមេខ្លោងសំខាន់ណាម្នាក់នៅឡើយទេ៕
ចែករំលែកព័តមាននេះ