ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់បើកការវាយប្រហារសងសឹក​អាម៉េរិក ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ

1 អាទិត្យ មុន

ទីក្រុងតេហេរ៉ង់៖ ស្ថានការណ៍រវាងអ៊ីរ៉ង់ និងសហរដ្ឋ​អាម៉េរិកកាន់តែតានតឹង បន្ទាប់ពីកងទ័ព​អាម៉េរិកវាយប្រហារលើគោលដៅរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅភាគខាងត្បូងប្រទេស ខណៈអ៊ីរ៉ង់បានប្រកាសចាប់ផ្តើមការវាយប្រហារឆ្លើយតបយ៉ាងខ្លាំងក្លា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

IRGC បានអះអាងថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក​របស់​អាម៉េរិក និងបានបាញ់មីស៊ីលផ្លោងទៅលើមូលដ្ឋាន និងទ្រព្យសម្បត្តិយោធា​អាម៉េរិកនៅក្នុងតំបន់។ អ៊ីរ៉ង់បានព្រមានថា ខ្លួននឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះអ្វីដែលខ្លួនហៅថា «ការឈ្លានពានតាមអាកាស» របស់​អាម៉េរិក។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហាររបស់​អាម៉េរិកនៅខេត្ត Hormozgan និង Khuzestan បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី និងកុមារម្នាក់ ខណៈការផ្ទុះត្រូវបានរាយការណ៍នៅតំបន់មួយចំនួនផ្សេងទៀតនៅភាគខាងត្បូងអ៊ីរ៉ង់។

ផ្នែក​អាម៉េរិកវិញ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋ​អាម៉េរិក​ បានបញ្ជាក់ថា ការវាយប្រហារលើគោលដៅ IRGC គឺជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហាររបស់ IRGC លើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz និងកងទ័ព​អាម៉េរិកដែលឈរជើងនៅក្នុងតំបន់។

ការប្រឈមមុខគ្នាបានរាលដាលទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់ ដោយអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើទ្រព្យសម្បត្តិ​អាម៉េរិកនៅ ប៉ារ៉ែន, កូវ៉ែត, អេប៉ីល ក្នុងប្រទេសអ៊ីរ៉ាក់ និងអេមីរ៉ាតអារ៉ាប់រួម។ ហ្ស៊កដានីបានឱ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោង ១០ក្នុងចំណោម ១៣គ្រាប់ ខណៈកងកម្លាំងចម្រុះដឹកនាំដោយ​អាម៉េរិកបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ១០គ្រឿង​៕