ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ឆ្នាំ​ សមត្ថកិច្ច​បង្កក​ថវិកា​ជាង៣០០​លាន​ដុល្លារ ខណៈ​សំណុំរឿង​ចំនួន៤៤៦ករណី​ស្ថិត​ក្នុង​ដៃ​តុលាការក្នុង​យុទ្ធ នាការ​​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ១​ឆ្នាំ​មកនេះ សមត្ថកិច្ច​កម្ពុជា​ បាន​បង្កក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ក្នុង​នោះ​ ថវិកា​ជាង៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គណនី​ធនាគារ​ត្រូវ​បាន​បង្កក រួម​ទាំង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​ផ្សេង​
ទៀត​ ។ ​នេះ​បើ​តាម​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​ចេញ ផ្សាយ​របាយការណ៍​បូក​សរុប​លទ្ធផល​ប្រតិបត្តិការ គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ ដោយ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ ។

លេខាធិការដ្ឋាន​គ​.​ប​.​ឆ​.​ប​. បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦​ ថា ក្នុង​ប្រតិបត្តិការ​រយៈពេល​ជាង១​ឆ្នាំនេះ សមត្ថកិច្ច​កម្ពុជា​ បាន​បង្កក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ក្នុង​នោះ​ថវិកា​ជាង៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​គណនី​ធនាគារ​ត្រូវ​បាន​បង្កក រួម​ទាំង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​ផ្សេង​ទៀត ​ដែល​កំពុង​បន្ត​នីតិវិធី​បង្កក និង​ធ្វើការ​វាយ តម្លៃ​ជា​បន្តបន្ទាប់​ ។ នេះ​បាន​សបញ្ជាក់​ការ​អនុវត្ត​ច្បាប់​ដោយ​ភាព​ម៉ឺងម៉ាត់ ជាមួយ​វិធានការ​ផ្លូវច្បាប់ ដើម្បី​កាត់​ផ្តាច់​លំហូ​ហិរញ្ញវត្ថុ​ និង​ផល​នៃ​បទល្មើស​របស់​បណ្តាញ​ឧក្រិដ្ឋជន​របស់​ឧក្រិដ្ឋជន ​។

ជាមួយ​គ្នា​នេះ ដំណើរការ​នីតិវិធីតុលាការ​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ដើម្បី​ផ្តន្ទាទោស​ជនល្មើស​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ សមត្ថកិច្ច​បាន​កសាង និង​បញ្ជូន​សំណុំរឿង​សរុប​ចំនួន៤៤៦ករណីទៅ​កាន់​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ​ចំនួន ៣,៩២៧នាក់ រួម​មាន​ទាំង​មេខ្លោង និង​គូកន មក​ពី២៩សញ្ជាតិ​ ។

ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​នីតិវិធី​ផ្តន្ទាទោស​ចំពោះ​ឧក្រិដ្ឋជន សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែល​រក​ឃើញ​ថា​ មានការ​ជាប់​ពាក់ព័ន្ធ​ផង​ដែរ​។ ក្នុង​នោះ មាន​សំណុំរឿង​ចំនួន៤ករណី ពាក់ព័ន្ធ​នឹង​ជនសង្ស័យ១៥នាក់ ត្រូវ​បាន​ចាត់វិធានការ រួម​មាន ព្រះរាជអាជ្ញា​រង​, អគ្គនាយករង​អន្តោប្រវេសន៍​, ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​, អតីត​អគ្គ​នា
យក​នៃ​ក្រសួងការបរទេស ព្រមទាំង​មន្ត្រី​នគរបាល និង​យោធា​មួយ​ចំនួន​ទៀត ​។

យោង​តាម​របាយការណ៍​នេះ កងកម្លាំង​សមត្ថកិច្ច​ជំនាញ បាន​អនុវត្ត​តាម​បទ បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល និង​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​សរុប ៨៣២ ទីតាំង ដោយ​ក្នុង​នោះ​បាន​ឈាន​ទៅ​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ចំនួន ៦៦៣ ទីតាំង​។ ក្នុង​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប និង​គ្រប់គ្រង​មណ្ឌល​ឆបោក (Scam Compounds) ធំ​ៗ​ចំនួន ៨៦ ទីតាំង ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​អនុវត្ត​នីតិវិធី​ដើម្បី​ឈាន​ទៅ​រឹបអូស​តាម​ច្បាប់​ជា​ធរមាន​។

លេខាធិការដ្ឋាន គ​.​ប​.​ឆ​.​ប​. បាន​គូសបញ្ជាក់​ថា «​បច្ចុប្បន្ន​នេះ គ្មាន​ទៀត​ទេ​ទីតាំង​បទល្មើស​ឆបោក​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ ទោះបីជា​សកម្មភាព​ឆបោក​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាន ប៉ុន្តែ​វា​បាន​ផ្លាស់​ប្តូរ​រូបភាព​ទៅ​ជា​ប្រតិបត្តិការ​តូច​ៗ ដែល​លួចលាក់ផ្សងព្រេង ដើម្បី​ធ្វើ​សកម្មភាព​តាម​បន្ទប់​ជួល ផ្ទះសំណាក់ ខុន​ដូ តាម​ផ្ទះ តាម​រថយន្ត ឬ​ហាង​កាហ្វេ​ជាដើម​។

តាម​លេខាធិការដ្ឋាន គ​.​ប​.​ឆ​.​ប​. ជាមួយ​កា​រវិ​វត្ត​នេះ ចាំបាច់​ទាមទារ​ឱ្យ​មាន កិច្ច​ស ហ​ការ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​តាមដាន និង​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​សង្ស័យ​នានា ដើម្បី​ឱ្យ​សមត្ថកិច្ច​អាច​ចាត់វិធានការ​បង្ក្រាប​បាន​ទាន់​ពេលវេលា​។

តាម​របាយការណ៍​ដដែល ក្នុង​ប្រតិបត្តិការ​បោសសម្អាត​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​សរុប​ជិត ៣០,០០០ នាក់ ដែល​មាន ៣៩ សញ្ជាតិ​។ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ និង​អនុវត្ត​នីតិវិធី​ធ្វើ​មាតុភូមិនិវត្តន៍​ជនបរទេស​បាន​ចំនួន​ជាង ២២,០០០ នាក់ មក​ពី ៣៨ សញ្ជាតិ​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​លើ​កាស៊ីណូ​ចំនួន ២៧ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ក្នុង​នោះ​បាន​ដកហូត​អាជ្ញា​បណ្ណ​ចំនួន ១៨ កាស៊ីណូ និង​ព្យួរ​អាជ្ញា​បណ្ណ​ចំនួន ៩ កាស៊ីណូ​។ ជាង​នេះ សមត្ថកិច្ច​កំពុង​បន្ត​ត្រួតពិនិត្យ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​កាស៊ីណូ​ណា​ដែល​ប្រព្រឹត្ត​សកម្មភាព​ល្បែងស៊ីសង ឬ​ភ្នាល់​តាម​អន​ឡាញ (Online Gambling / Online Sports Betting) ដោយ​ខុសច្បាប់​។

ទាំងនេះ​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​អនុ វត្ត​ច្បាប់​នៅ​លើ​ដី​ជាក់ស្តែង ដែល​សម្រេច​បាន​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams)​។ ទន្ទឹម​នឹង​នេះ កិច្ច​ខិតខំ​របស់​រាជរ ដ្ឋា​ភិ​បាល​នៅ​តែ​បន្ត ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ បង្ក្រាប និង​រៀបចំ​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​លុប​បំបាត់​បទល្មើស​នេះ​ឱ្យ​អស់ពី​កម្ពុជា​ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​កម្ពុជា​សូម​ស្វាគមន៍ និង​អំពាវនាវ​ជា​ថ្មី​ដល់​សាធារណជន និង​ភាគី​ទាំងអស់​ឱ្យ​ចូលរួម​ផ្តល់​ព័ត៌មាន ឬ​តម្រុយ​អំពី​ទីតាំង​សង្ស័យ​នានា ដើម្បី​ឱ្យ​សមត្ថកិច្ច​អាច​ចាត់វិធានការ​ឆ្លើយ​តប​បាន​ឆាប់រហ័ស និង​មាន​កិច្ចសហការ​គ្នា​ល្អ​៕