បក្សនយោបាយប្រកាសគាំទ្រសម្តេចតេជោស្នើសុំអ្នកសង្កេតការណ៍អន្តរសភា សម្រាប់តាមដានការអនុវត្តបទឈប់បា..,ញ់ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គណបក្សនយោបាយចំនួន៤ ដែលសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានប្រកាសគាំទ្រយុទ្ធសាស្ត្រសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងការបង្កើតអ្នកសង្កេតការណ៍អន្តរសភា សម្រាប់ពិនិត្យការអនុវត្តបទឈប់បាញ់ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកអ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាជាធិបតេយ្យបានប្រកាសគាំទ្រ ចំពោះយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលស្នើនៅក្នុងវេទិការប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ស្នើបង្កើតអ្នកសង្កេតការណ៍អន្តរសភា សម្រាប់ពិនិត្យមើលពីការអនុវត្តបទឈប់បាញ់ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ។
លោក អ៊ុន វិសិទ្ធគុន បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាចំណុចមួយ ក៏ដូចជាសូចនាករមួយដ៏ល្អបំផុត ដែលខ្មែរគ្រប់រូបចង់បានមើលឃើញពីអន្តរជាតិ ចង់ឲ្យអន្តរជាតិបញ្ចប់សង្គ្រាមដែលថៃបានរំលោភបំពានទឹកដីកម្ពុជា…. ប្រជាជនខ្មែរមិនចង់បានសង្គ្រាមទេ ហើយមិនចង់បាត់បង់សេដ្ឋកិច្ចទេ អីញ្ចឹងហើយបានជាយើងទាមទារឲ្យអន្តរជាតិជួយដោះស្រាយ ។ ការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន នៅវេទិការប្រធានសភានៃអន្តរសភាលើកទី២ ចង់បង្ហាញឲ្យអន្តរជាតិបានស្គាល់ថា អ្នកដែលកំពុងឈ្លានពានកម្ពុជាគឺប្រទេសថៃតែម្តង» ។
ប្រធានគណបក្យកម្លាំងជាតិបានលើកឡើងថា ទាំងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលផ្សេងៗ និងប្រជាជនបានសារទរចំពោះសម្តេចតេជោ ព្រោះថា សម្តេចបានយកទុក្ខលំបាកមកបង្ហាញឲ្យអន្តរជាតិបានដឹង ហើយឲ្យអ្នកបានឃើញរឿងរ៉ាវទាំងអស់ ជួយបញ្ចប់និងរំលត់ដោយប្រជាជនទាំងសងខាងបានសុខឡើងវិញ ។
លោកបានស្នើឲ្យអន្តរជាតិដាក់បន្ទុកទៅថ្នាក់ដឹកនាំថៃ ដើម្បីធ្វើយ៉ាងណា ឲ្យចូលតុចរចាជាមួយកម្ពុជា ដើម្បីឈានដល់បញ្ចប់ជម្លោះព្រំដែននៃប្រទេសទាំងពីរឲ្យបានឆាប់ចប់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជាជន ។

ចំណែកលោក អ៊ុន ជឹម ប្រធានគណបក្យឯកភាពជាតិខ្មែរ បានប្រកាសគាំទ្រចំពោះសំណើរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាប្រធានសភានៃអន្តរសភាលើកទី២ដែលនេះជាលើកទី១ហើយ ដែលកម្ពុជាបានស្នើឲ្យសភាអន្តរជាតិទាំងអស់ បង្កើតគណៈកម្មការស៊ើបអង្កេតស្រាវជ្រាវ និងអន្តរាគមន៍ទៅប្រទេសថៃ ដែលឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ។
លោក អ៊ុន ជឹម បានលើកឡើងថា ការស្នើរបស់សម្តេចតេជោនេះ គឺជាការចាប់អារម្មណ៍មួយរបស់អន្តរជាតិចំពោះប្រទេសឈ្លានពាន និងជួយប្រទេសតូចតាចពីការឈ្លានពាន ដូចជាថៃ បានឈ្លានពានកម្ពុជា ។
លោកបញ្ជាក់ថា «អីញ្ចឹងក្រៅពីអន្តរាគមន៍ការទូត និងតំណាងប្រទេស តំណាងរាជរដ្ឋាភិបាល និងប្រទេសជាច្រើនទៀត ឥលូវសម្តេចបានស្នើឲ្យប្រទេសអន្តរជាតិជួយអន្តរាគមន៍ទៀត។ ចំណុចនេះ គឺជាបង្ហាញពីការងារសំខាន់បំផុតផ្នែកការទូតដែលបង្ហាញឲ្យឃើញជនដែលឈ្លានពានកម្ពុជា គឺប្រទេសថៃ ។
លោក អ៊ុន ជឹម គូសបញ្ជាក់ថា «អីញ្ចឹង ក្នុងនាមគណបក្សឯកភាពជាតិខ្មែរ សូមគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ លើការអន្តរាគមន៍ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ។ គណៈកម្មការនេះ មិនមែនករណីថៃឈ្លានពានកម្ពុជានោះទេ គឺនឹងធ្វើការជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលមានករណីឈ្លានពានដូច្នេះដែរ»។

ចែករំលែកព័តមាននេះ