ទីក្រុងម៉ូស្គូ៖ សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីប្រឈមនឹងវិបត្តិធ្ងន់ធ្ងរប្រសិនបើរដ្ឋាភិបាលផ្ដោតសំខាន់តែទៅលើការចាក់សាច់ប្រាក់ចូលទៅក្នុងឧស្សាហកម្មផលិតអាវុធ និងគ្រឿងបរិក្ខារយោធា។ ខាងលើនេះជាប្រសាសន៍របស់លោកបូរីស ទីតូស (Boris Titov) ជាបេសកជនពិសេសរបស់លោកពូទីនថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ RBC។ នេះជាករណីដ៏កម្រដែលមន្ត្រីផ្ទៃក្នុងរបស់វិមានក្រឹមឡាំងបង្វាញកង្វល់ជាសាធារណៈអំពីសេដ្ឋកិច្ចជាតិរុស្ស៊ីដែលទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ។ លោកទីតូសជាអ្នកតំណាងពិសេសរបស់លោកពូទីនទទួលបន្ទុកខាងទំនាក់ទំនងជាមួយអង្គការអន្តរជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជាអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងធ្លាប់កាន់កាប់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរ។

លោកធ្លាប់កាន់កាប់ក្រុមហ៊ុនរកស៊ីខាងបញ្ចុះបញ្ចូល និងធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ លោកថ្លែងប្រាប់សារព័ត៌មាន RBC ថាសេដ្ឋកិច្ចយោធា និងស៊ីវិលមានគ្រប់ទីកន្លែង។ ស្នាដៃបង្កើតថ្មីដ៏មានប្រយោជន៍ជាច្រើនមានប្រភពចេញពីឧស្សាហកម្មយោធា។ ចំណុចគន្លឹះនៅត្រង់ការរក្សាតុល្យភាពគ្នា។ រដ្ឋាភិបាលរុស្ស៊ីបានដំឡើងពន្ធ ចាត់ចែងការផ្ទេរកម្មសិទ្ធិ ទទួលយកការចូលរួមវិភាគទានដើម្បីឧបត្ថម្ភ-សង្គ្រាម។ ជាពិសេស គំរាមម្ចាស់ក្រុមហ៊ុនដែលមិនព្រមចាត់វិធានការឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ដ្រូនអ៊ុយក្រែន។ ក្រុមអ្នកគាំទ្រសង្គ្រាម និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីខ្លះនិយាយរំលឹកទៅដល់សម័យសហភាពសូវៀតក្រោមការដឹកនាំរបស់លោកស្តាលីនកាលពីអំឡុងសង្គ្រាមលោកលើកទី២។ ពួកគេចង់យករបៀបដឹកនាំកាលពីជំនាន់នោះធ្វើជាគំរូ។ កាលនោះ គេមានពាក្យស្លោកមួយថា «ធ្វើអ្វីគ្រប់យ៉ាងដើម្បីសមរភូមិ, ធ្វើអ្វីគ្រប់យ៉ាងដើម្បីជ័យជម្នះ»។

វិធានការនេះត្រូវបានស្វាគមន៍ដោយការប្រយ័ត្នប្រយែង ហើយទទួលរងការប្រឆាំងជំទាស់ពីវិស័យជាច្រើន។ លោកទីតូសថ្លែងថាបញ្ហានេះមិនពាក់ព័ន្ធនឹងសេដ្ឋកិច្ចទាល់តែសោះ វាជាទម្រង់សេដ្ឋកិច្ចដ៏រង្គោះរង្គើដែលអាចមានជីវិតរស់នៅត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុដូច្នេះ គេចាំបាច់ត្រូវស្រោចស្រង់សេដ្ឋកិច្ចឱ្យបានល្អិតល្អន់បំផុត។ សេដ្ឋកិច្ចរុស្ស៊ីសម្រាប់ឆ្នាំនេះត្រូវគេព្យាករថានឹងមានកំណើន០,៤%។ វិស័យសហគ្រាស-ឧស្សាហកម្មមិនមែនយោធាកំពុងតែជាប់គាំង ឬថយចុះ។ អ៊ុយក្រែនសម្រុកវាយប្រហារគោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ីដូចជារោងចក្រចម្រាញ់ប្រេង ក្រុមហ៊ុនលក់អនឡាញ និងទីតាំងស្តុកទុកប្រេង និងគ្រាប់ធញ្ញជាតិសម្រាប់នាំចេញ។ ដូច្នេះអត្រាកំណើនសេដ្ឋកិច្ចអាចនឹងតិចជាងការព្យាករផងក៏មិនដឹង។

បទអត្ថាធិប្បាយនយោបាយរបស់លោកទីតូសដូចខាងលើនេះហាក់ដូចជាស្របគ្នានឹងការលើកឡើងរបស់អភិបាលនៃគណៈអភិបាលទីក្រុងម៉ូស្គូ លោកសឺហ្គេ សូប៊ីយ៉ានីន។ លោកយ៉ានីនលើកជាទឡ្ហីករណ៍កាលពីខែសីហាថាការសម្លាប់សេដ្ឋកិច្ចខ្នាតតូចក៏មានន័យស្មើនឹងសម្លាប់សេដ្ឋកិច្ចជាតិមួយទាំងមូលផងដែរ។ លោកអានដ្រេ ក្លេប៉ាក់ (Andrei Klepach) ជានាយកធនាគារអភិវឌ្ឍរបស់រដ្ឋរុស្ស៊ីអស់ការងារធ្វើកាលពីខែសីហាដោយសារតែនិយាយអំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងសេដ្ឋកិច្ចដែលបង្កឡើងដោយសារសង្គ្រាម។ រុស្ស៊ីត្រៀមរៀបចំការបោះឆ្នោតសភានៅខែកញ្ញានេះ។ គណបក្សដែលអំពាវនាវឱ្យបិទបញ្ចប់សង្គ្រាមត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះទេ។ លទ្ធផលស្ទង់មតិបង្ហាញថាពលរដ្ឋរុស្ស៊ីកាន់តែច្រើនឡើងៗចាប់ផ្ដើមនឿយណាយនឹងសង្គ្រាម ហើយពួកគេគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ