ខេត្តបន្ទាយមានជ័យ ៖ បេក្ខនារីដែលជាកូនភ្លោះ សិក្សានៅវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបាននិទ្ទេសA ទាំងពីរនាក់បងប្អូន ។

រឿងរ៉ាវដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទនភាពមួយ បានកើតឡើងក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបេក្ខនារី ដែលត្រូវជាបងប្អូនបង្កើតភ្លោះពីរនាក់ សិក្សានៅវិទ្យាល័យមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ បានសាងស្នាដៃយ៉ាងត្រចះត្រចង់ ដោយទទួលបាន និទ្ទេស A ដូចគ្នាទាំងពីរនាក់ ។

យោងតាមការប្រកាសលទ្ធផលប្រឡងបាក់ឌុបជាផ្លូវការនាព្រឹកថ្ងៃទី២ ខែកញ្ញានេះ បានបង្ហាញថា ភាពជោគជ័យទ្វេដងរបស់ប្អូនស្រីទាំងពីរ បានក្លាយជាប្រធានបទក្តៅ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម ។

ក្នុងនោះដែរមានមហាជន លោកគ្រូ-អ្នកគ្រូ ព្រមទាំងមិត្តរួមជំនាន់ បានសម្តែងការកោតសរសើរឥតដាច់ពីមាត់ចំពោះការខិតខំប្រឹងប្រែង រួមសុខរួមទុក្ខ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការសិក្សារបស់បងប្អូនទាំងពីររហូតទទួលបានផ្លែផ្កាដ៏គាប់ប្រសើរនេះ ។
លទ្ធផលដ៏លេចធ្លោនេះ មិនត្រឹមតែជាកិត្តិយស និងជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងវិទ្យាល័យមង្គលបូរីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អ និងជាប្រភពលើកទឹកចិត្តមួយដ៏មានឥទ្ធិពលដល់សិស្សានុសិស្សដទៃទៀត ក្នុងការយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព និងតស៊ូរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ៕


ចែករំលែកព័តមាននេះ