អគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង ចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយជនជាប់ឃុំជនជាតិឡាវនៅពន្ធនាគារខេត្តស្ទឹងត្រែង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្រោមស្មារតីកិច្ចសហប្រតិបត្តិការមិត្តភាពនិងការយកចិត្តទុកដាក់លើកិច្ចការពារសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់ស្ថានទូតឡាវប្រចាំរាជធានីភ្នំពេញ រួមជាមួយលោកអគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង បានអញ្ជើញចុះទស្សនកិច្ច និងសួរសុខទុក្ខផ្ទាល់ដល់ជនជាប់ឃុំជាពលរដ្ឋឡាវ ដែលកំពុងអនុវត្តទោសនៅពន្ធនាគារ ខេត្តស្ទឹងត្រែង។
ទស្សនកិច្ចផ្លូវការនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៦ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកយកបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រង ការអនុវត្តទោស និងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌មកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីធានាដល់សិទ្ធិ និងសុខុមាលភាពរបស់ជនជាប់ឃុំ។
លោកឧត្តមអគ្គានុរក្ស លីម វាសនា បានបង្ហាញជូនគណៈប្រតិភូឡាវអំពីគោលនយោបាយ និងកិច្ចដំណើរការជាក់ស្តែងរបស់ពន្ធនាគារ ក្នុងការអនុវត្តច្បាប់ ព្រមទាំងការធានាសន្តិសុខ សុវត្ថិភាព និងសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំគ្រប់រូបដោយគ្មានការរើសអើង។
លោកបានគូសបញ្ជាក់ជាពិសេសលើការងារអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកទឹកចិត្តឱ្យជនជាប់ឃុំខិតខំស្ដារកំហុសឆ្គងរបស់ខ្លួន ដើម្បីត្រៀមខ្លួនវិលត្រឡប់ចូលរួមក្នុងសង្គមវិញប្រកបដោយផលិតភាព។ លោកបានបញ្ជាក់បន្ថែមថា រដ្ឋបាលពន្ធនាគារខេត្តតែងតែប្រកាន់ខ្ជាប់នូវស្តង់ដារវិជ្ជាជីវៈ និងបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងអ្នកទោស ស្របតាមគោល
ការណ៍សិទ្ធិមនុស្ស។
ជាការឆ្លើយតប គណៈប្រតិភូមន្ត្រីស្ថានទូត និងអគ្គកុងស៊ុលឡាវ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានាយកដ្ឋានពន្ធនាគារ និងថ្នាក់ដឹកនាំពន្ធនាគារខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ហូបចុក ស្នាក់នៅ និងការអនុវត្តនីតិវិធីច្បាប់ដោយយុត្តិធម៌ដល់ពលរដ្ឋខ្លួន។ ភាគីឡាវក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ជនជាប់ឃុំជាជនជាតិឡាវទាំងអស់ ឱ្យខិតខំគោរពវិន័យផ្ទៃក្នុងរបស់ពន្ធនាគារ សហការល្អជាមួយមន្ត្រីត្រួតពិនិត្យ និងយកចិត្តទុកដាក់ស្តាប់ការណែនាំអប់រំ ដើម្បីមានឱកាសទទួលបានការបន្ធូរបន្ថយទោស និងបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗ។
ផ្អែកលើសកម្មភាពនេះ មិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័នកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយមនុស្សធម៌ និងការគោរពវិន័យច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងប្រព័ន្ធរដ្ឋបាលពន្ធនាគាររបស់កម្ពុជាផងដែរ៕



ចែករំលែកព័តមាននេះ