ខេត្តកំពង់ស្ពឺ! មានបេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយភូមិទទួលបាននិទ្ទេស A ចំនួន៣១នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានបេក្ខជនសរុបចំនួន ៥០២៨នាក់ បានប្រឡងជាប់ និង៣១នាក់(ស្រី២២នាក់) ទទួលបាននិទ្ទេសA។ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃប្រកាសលទ្ធផលប្រឡង។
លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំបង់ស្ពឺ បានលើកឡើងថា ថ្វីត្បិតលទ្ធផលបេក្ខជនប្រឡងទទួលបាននិទ្ទេសAបានត្រឹមតែ៣១នាក់ ថយជាងឆ្នាំ២០២៥ ដែលមានរហូតដល់ទៅ ៧៩នាក់ តែចំនួនអ្នកជាប់ក្នុងការប្រឡងគឺមានចំនួនច្រើនលើសលុប ដែលគិតជាភាគរយរហូតដល់ទៅជិត៩០%។
អភិបាលខេត្តកំពង់ស្ពឺចាត់ទុកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលមានសិស្សជាប់ច្រើន គឺបានបង្ហាញពីការខិតខំប្រឹងប្រែង និងការកែលម្អគុណភាពនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការខិតខំរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សានានាទូទាំងខេត្តផងដែរ។ បន្ថែមពីនេះក៏បានពីកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជននិងកីឡា ផងដែរ ក្នុងការធានាការប្រឡងប្រព្រឹត្តទៅដោយរលូននិងស្របតាមគោលការណ៍(អ្នកចេះគឺជាប់)។
មួយវិញទៀត លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា ចំនួនអ្នកជាប់និទ្ទេសខ្ពស់ក៏ជាសក្ខីភាពបញ្ជាក់ពីការលើកទឹកចិត្ត ការពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ពិសេសមាតាបិតា ដែលបានជំរុញ តាមដាន និងផ្តល់កម្លាំងចិត្តដល់កូនៗ។ ដូចអ្វីដែលបានសន្យា អ្នកដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦ នឹងទទួលបានការលើកទឹកចិត្តពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ៕















ចែករំលែកព័តមាននេះ