អន្តរជាតិ ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ សប្តាហ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារតែជម្លោះកំពុងឡើងកម្តៅកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា បានរុញច្រានតម្លៃប្រេងឆៅឱ្យឡើងខ្ពស់ បង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល ខណៈពេលដែលអ្នកវិនិយោគកំពុងផ្តោតអារម្មណ៍លើទិន្នន័យការងាររបស់សហរដ្ឋអាមេរិកដែលនឹងចេញផ្សាយនាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters ។
តម្លៃមាសភ្លាមៗបានធ្លាក់ចុះ ០,៦% មកនៅត្រឹម ៥ ១៨៣ ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១១:២៥ ព្រឹក (ម៉ោងនៅកម្ពុជា) ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ ចំណែកប្រាក់ដុល្លារអាមេរិក នៅតែរក្សាភាពរឹងមាំ ដែលធ្វើឱ្យមាសមានតម្លៃគិតជាប្រាក់ដុល្លារកាន់តែខ្ពស់ សម្រាប់អ្នកទិញប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។
ក្រឡេកទៅភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានស្ថិតក្នុងស្ថានភាពត្រៀមធ្វើសង្គ្រាមជាថ្មី បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លាបំផុតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ ជាលទ្ធផល តម្លៃប្រេងឆៅអន្តរជាតិក៏បានកើនឡើងជាបន្តបន្ទាប់ ដោយប្រេងឆៅ Brent ស្តង់ដាអន្តរជាតិឈរនៅតម្លៃ ៩៥ ដុល្លារអាមេរិកក្នុង១បារ៉ែល។
លោក Bas Kooijman នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន DHF Capital S.A. បានថ្លែងថា «ការស្ទុះងើបឡើងវិញនៃតម្លៃប្រេងឆៅ បន្ទាប់ពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះឡើងវិញជាថ្មី ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីអតិផរណា។
មាសត្រូវបានគេចាត់ទុកជាខែលការពារទប់ទល់នឹងអតិផរណា ប៉ុន្តែការកើនឡើងអត្រាការប្រាក់បានធ្វើឱ្យមាសបាត់បង់ភាពទាក់ទាញ ដោយសារតែវាមិនផ្តល់ផលទុន (ការប្រាក់ ឬភាគលាភ) នោះទេ។ បច្ចុប្បន្ន បណ្តាអ្នកវិនិយោគកំពុងវាយតម្លៃជាមួយឱកាស ៦៨% ដែលថានឹងអាចមានការដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) នៅខែនេះ៕


ចែករំលែកព័តមាននេះ