ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ កោតសរសើរ​ដំណើរការ​ជ្រើសរើស​ ពលករ​កសិកម្ម​កម្ពុជា ដែល​ក្រសួង​រៀបចំ​ប្រកបដោយ​យុត្តិធម៌ តម្លាភាព និង​វិជ្ជាជីវៈ​ខ្ពស់

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ គណៈប្រតិភូ​រដ្ឋ​អ៊ី​ស្រា​អែ​ល​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ដំណើរការ​ជ្រើសរើស​ពលករ​កសិកម្ម​កម្ពុជា ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​រៀបចំ​ប្រកបដោយ​ភាព​យុត្តិធម៌ តម្លាភាព និង​វិជ្ជាជីវៈ​ខ្ពស់ ព្រមទាំង​បង្ហាញ​ទំនុកចិត្ត​លើ​គុណភាព​ពលករ​កម្ពុជា និង​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​ការងារ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ដោយ​លោកស្រី Shirly Raisin Sasson ប្រធាន​ផ្នែក​កិច្ចព្រមព្រៀងទ្វេភាគី នៃ​រដ្ឋបាល​ពលករ​បរទេស​របស់​រដ្ឋ​អ៊ី​ស្រា​អែ​ល ក្នុងអំឡុងពេល​ដែល​គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ និង​តាមដាន​ដោយ​ផ្ទាល់​នូវ​ដំណើរការ​ជ្រើសរើស និង​សម្ភាសន៍​បេក្ខជន​កម្ពុជា ដែល​ដាក់​ពាក្យ​ទៅ​ធ្វើការ​ ក្នុង​វិស័យ​កសិកម្ម​នៅ​អ៊ី​ស្រា​អែ​ល ​។

លោកស្រី Sasson បាន​បញ្ជាក់​ថា តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​អ៊ី​ស្រា​អែ​ល​បាន​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ កត្តា​នេះ​បាន​បង្កើត​ឱកាស ​សម្រាប់​អ៊ី​ស្រា​អែ​ល​ពង្រីក​ការ​ជ្រើសរើស​ពលករ​ពី​បណ្ដា​ប្រទេស​នានា ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​ ។

លោកស្រី​បាន​លើក​ឡើង​ថា​៖ «​យើង​មើលឃើញ​សក្តានុពល​ក្នុង​ការ​ជ្រើសរើស​ពលករ និង​ពលករ​ជំនាញ​ផ្នែក​កសិកម្ម​កម្ពុជា​ទៅ​ធ្វើការ​នៅ​អ៊ី​ស្រា​អែ​ល​» ​។

គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល​ក៏​បាន​កោតសរសើរ​ចំពោះ​ភាព​ជា​ដៃគូ​ល្អ និង​វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ និង​អនុវត្ត​ដំណើរការ​ជ្រើសរើស​បេក្ខជន ​។

លោកស្រី Sasson បាន​សង្កត់ធ្ងន់​ថា ភាគី​កម្ពុជា និង​អ៊ី​ស្រា​អែ​ល​បាន​ធ្វើការ​រួម​គ្នា​ជា​ក្រុម ដើម្បី​ធានា​ថា ដំណើរការ​ជ្រើសរើស​ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព និង​ស្រប​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។

លោកស្រី​បាន​បន្ថែម​ថា​៖ «​យើង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ធ្វើការ​រួម​គ្នា​ជា​ក្រុម ដើម្បី​ធានា​ថា ដំណើរការ​ជ្រើសរើស​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព និង​ស្រប​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​បាន​ព្រមព្រៀង​គ្នា​។ ការ​រៀបចំ​សម្រាប់​គណៈប្រតិភូ​មាន​លក្ខណៈ​វិជ្ជាជីវៈ ហើយ​យើង​អាច​មើលឃើញ​លទ្ធផល​យ៉ាង​ច្បាស់​»​ ។

លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចូលរួម​រៀបចំ​ការ​ប្រឡង និង​សម្ភាស​បេក្ខជន ព្រមទាំង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល​ក្នុង​ដំណើរការ​ទាំងមូល​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពលករ​ដែល​នឹង​ចេញ​ទៅ​ធ្វើការ​នៅ​អ៊ី​ស្រា​អែ​ល គឺជា​ពលករ​ដែល​មាន​ជំនាញ និង​វិជ្ជាជីវៈ​។ ដោយសារ​ការងារ​របស់​ក្រសួង​ការងារ​នៅ​ទី​នេះ ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​អ៊ី​ស្រា​អែ​ល​នឹង​កសាង​បាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​កិច្ចព្រមព្រៀងទ្វេភាគី​នេះ​នឹង​ទទួល​បាន​ជោគជ័យ​»​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​ពិនិត្យ និង​តាមដាន​ដោយ​ផ្ទាល់​ពី​គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល បាន​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​រួម​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធានា​ភាព​ជឿជាក់​នៃ​ដំណើរការ​ជ្រើសរើស ​។

លោក ស៊ុន មេ​សា បាន​លើក​ឡើង​ថា​៖ «​គោលដៅ​របស់​ក្រសួង មិនមែន​គ្រាន់តែ​បញ្ជូន​ពលករ​ឱ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ធានា​ថា បេក្ខជន​គ្រប់​រូប​ត្រូវ​បាន​វាយតម្លៃ​តាម​សមត្ថភាព និង​លក្ខណៈ​វិនិច្ឆ័យ​ដែល​បាន​កំណត់​ដូច​គ្នា​។ ការ​ចូលរួម​តាមដាន​ដោយ​ផ្ទាល់​ពី​ភាគី​អ៊ី​ស្រា​អែ​ល គឺជា​ការ​បញ្ជាក់​បន្ថែម​ថា ដំណើរការ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​តម្លាភាព យុត្តិធម៌ និង​វិជ្ជាជីវៈ ដើម្បី​ការពារ​ផលប្រយោជន៍​បេក្ខជន និង​កសាង​កេរ្តិ៍ឈ្មោះ​ពលករ​កម្ពុជា ​នៅ​លើ​ទីផ្សារ​ការងារ​អន្តរជាតិ​» ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ចំពោះ​បេក្ខជន​ដែល​នៅ​មាន​ច​ម្ង​ល់ ក្រសួង​នៅ​តែ​បើកចំហ​ឱ្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធផល និង​ភស្តុ​តាង​ជាក់ស្តែង​ឡើង​វិញ​។ យើង​ចង់ឱ្យ​បេក្ខជន​ទទួល​បានការ​បំភ្លឺ​ច្បាស់លាស់ និង​អស់ចិត្ត​ចំពោះ​លទ្ធផល​របស់​ខ្លួន​»​ ។

លោក ស៊ុន មេ​សា ក៏​បាន​បញ្ជាក់​ថា ការ​ជាប់​តេស្ត​ដំណាក់កាល​ទី​១ មិន​ទាន់​មាន​ន័យ​ថា បេក្ខជន​ត្រូវ​បាន​ជ្រើសរើស​ជា​ស្ថាពរ​ទៅ​ធ្វើការ​នៅ​អ៊ី​ស្រា​អែ​ល​នោះ​ទេ​។ បេក្ខជន​នៅ​ត្រូវ​ឆ្លងកាត់​ការ​សម្ភាស​ផ្ទាល់មាត់ ការ​ជ្រើសរើស​ដោយ​ភាគី​អ៊ី​ស្រា​អែ​លតា​មរយៈ​អង្គភាព PIBA ការ​ជ្រើសរើស និង​ផ្គូផ្គង​ដោយ​និយោជក ការ​ពិនិត្យ​សុខភាព និង​ឯកសារ ព្រមទាំង​ការ​ចុះ​កិច្ចសន្យា ការ​ណែនាំ​តម្រង់​ទិស និង​ការ​ត្រៀម​ចេញដំណើរ ​។

ការ​វាយតម្លៃ​ជា​វិជ្ជមាន​ពី​គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល​នេះ កើតឡើង​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​នៅ​ក្រៅប្រទេស ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម ដែល​និយោជក​អ៊ី​ស្រា​អែ​ល​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ។

សម្រាប់​កម្ពុជា ការ​ពង្រីក​ទីផ្សារ​ការងារ​ទៅ​កាន់​អ៊ី​ស្រា​អែ​ល មិន​ត្រឹមតែ​ជួយ​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស​ឱ្យ​ពលករ​ទទួល​បាន​បទ​ពិសោធន៍​អន្តរជាតិ ចំណេះដឹង និង​ជំនាញ​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ផង​ដែរ​ ។

កិច្ច​សហប្រតិបត្តិការ​កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល​នេះ ផ្តោត​លើ​ការ​ជ្រើសរើស​ពលករ​ដោយ​មាន​សុវត្ថិភាព របៀបរៀបរយ និង​ស្របច្បាប់ ដោយ​ធានា​ថា បេក្ខជន​ត្រូវ​បាន​ជ្រើសរើស​តាម​នីតិវិធី​ត្រឹមត្រូវ និង​ទទួល​បានការ​ណែនាំ​ត្រៀមខ្លួន​មុន​ពេល​ចេញដំណើរ​ ។

ការ​កោតសរសើរ​របស់​គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល ​ចំពោះ​ដំណើរការ​ ជ្រើសរើស​ពលករ​របស់​កម្ពុជា គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការងារ និង​បង្កើន​ឱកាស​ឱ្យ​ពលករ​កសិកម្ម​កម្ពុជា​កាន់តែ​ច្រើន អាច​ទទួល​បានការ​ងារ​ស្របច្បាប់​នៅ​អ៊ី​ស្រា​អែ​ល​នា​ពេល​ខាង​មុខ ​៕ អត្ថបទសហការ