រាជធានីភ្នំពេញ ៖ ផ្ទះចំនួន២ខ្នង រួមនឹងសម្ភារៈមួយចំនួន ត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង និងមួយខ្នងទៀត ធ្វើអំពីឈើឆេះរោលជញ្ជាំងនៅក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះនៅក្នុងខណ្ឌជ្រោយចង្វារ ។
ហេតុការណ៍អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៥៧នាទីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសាក្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះចេញពីផ្ទះធ្វើអំពីដែកប្រក់ស័ង្កសី យ៉ាងសន្ធោសន្ធៅហើយភ្លើងបានឆាប់ឆេះរាលដាលទៅផ្ទះធ្វើអំពីឈើលើថ្មក្រោម ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ២៤គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ នៅក្នុងនោះរថយន្តការិយាល័យពន្លត់ អគ្គិភ័យ ចំនួន ១៩គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ៣៨គ្រឿង ស្មើនឹង១៥២ម៉ែត្រគូប និងរថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌជ្រោយចង្វារចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង១០ម៉ែត្រគូប និងរថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង១២ម៉ែត្រគូប ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង ៧និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះ បណ្ដាលឲ្យផ្ទះធ្វើអំពីដែកប្រក់ស័ង្កសី ១ខ្នង ទំហំ ០៧ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ពេជ្រ សាមុនដារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកសិល្បៈ (ក្រុមភ្លេង) ត្រូវភ្លើងឆេះរោងការខូចខាតទាំងស្រុងរួមជាមួយសម្ភារៈមួយចំនួន និងឆេះរាលដាលទៅផ្ទះឈើលើថ្មីក្រោម ទំហំ ០៤ម៉ែត្រគុណ០៨ម៉ែត្រចំនួន ០១ខ្នងទាំងស្រុងនិងឆេះរោលជញ្ជាំងផ្ទះឈើចំនួន ០១ខ្នងទៀត ។
ទោះបីជាយ៉ាងណា ពុំមានមនុស្សរងរបួសឡើយ។ ទាក់ទិន នៃការកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងពីមូលហេតុអ្វីឡើយនគរបាកំពុងតែធ្វើការស្រាវជ្រាវ ៕












ចែករំលែកព័តមាននេះ