ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ ៖ ​ថៃ​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​លើ​កម្ពុជា​មុន

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងការពារជាតិ បដិសេធ​យ៉ាង​ដាច់អហង្ការ​ ចំពោះ​ការ​អះអាង​មិន​ពិត និង​គ្មាន​មូលដ្ឋាន​របស់​នាយ​ឧត្តមសេនីយ៍ Prapas Sonjaidee ដែល​បាន​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន​ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​​មេត្តា​ជ្រាប​ថា ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះអាង​មិន​ពិត និង​គ្មាន​មូលដ្ឋាន​របស់​នាយ​ឧត្តមសេនីយ៍ Prapas Sonjaidee នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​រួម​របស់​ថៃ ដែល​បាន​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន ​។

កម្ពុជា​សូម​បញ្ជាក់​សា​ជា​ថ្មី​ថា តាម​ពិត​គឺ​ភាគី​ថៃ ​នោះ​ទេ! ​ដែល​បាន​បើក​ការ​វាយប្រហារ​ប្រដាប់​អាវុធ​មក​លើ​កម្ពុជា​មុន​។ ដូច្នេះ ភាគី​ថៃ​ ដែល​ជា​អ្នក​វាយប្រហារ​មក​លើ​កម្ពុជា​មុន មិន​អាច​មក​ដើរតួ​ជា​ជន​រង​គ្រោះ ព្រមទាំង​យក​លេស​ការពារ​ខ្លួន​មក​ធ្វើ​ជា​មូលហេតុ ដើម្បី​បង្ហាញ​អំពី​ភាព​ស្របច្បាប់​ នៃ​សកម្មភាព​យោធា​ខុសច្បាប់​របស់​ខ្លួន​បាន​ឡើយ ​។

ជាមួយ​គ្នា​នេះ វា​មាន​សារៈសំខាន់​ក្នុង​ការ​គូសបញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​ពេល​បើក​ការ​វាយប្រហារ​ប្រដាប់​អាវុធ​ដោយ​គ្មាន​ការ​ញុះញង់​មក​លើ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ភាគី​ថៃ ​បាន​ប្រកាស​អំពី​ផែនការ​ត្រៀមលក្ខណៈ​សង្គ្រាម «​ចក្រពង្ស ភូ​វនា​ថ​» (Chakrabongse Bhuvanath)​។ ការ​ដាក់​ចេញ​ នូវ​ផែនការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សកម្មភាព​យោធា​របស់​ថៃ​ មានការ​រៀបចំ​ទុកជា​មុន​យ៉ាង​ល្អិតល្អន់ និង​ប្រព្រឹត្ត​ឡើង​ដោយ​ចេតនា​ពិតប្រាកដ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ភាគី​ថៃ ដែល​ថា ​ការ​ប្រើប្រាស់​កម្លាំង​របស់​ខ្លួន គ្រាន់តែ​ជា​ការ​ឆ្លើយ​តប​ក្នុង​លក្ខណៈ​ការពារ​ខ្លួន​ប៉ុណ្ណោះ​ ។

ក្នុង​ន័យ​នេះ ការ​ប៉ុនប៉ង​របស់​ភាគី​ថៃ ​ក្នុង​ការ​លើកយក​ការ​ចោទប្រកាន់​អំពី​ការ​ញុះញង់ ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ និង​បញ្ហា​គ្រាប់​មីន មក​ធ្វើ​ជា​មូលហេតុ​សម្រាប់​បង្អាក់ ឬ​ពន្យារពេល​ការ​បន្តការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន គឺ​មិន​ស្រប​ទៅ​នឹង​ស្មារតី និង​ការ​ប្តេជ្ញា​ចិត្ត​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នោះ​ទេ​។

ដូច្នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ឱ្យ​បាន​ពេញលេញ ប្រកបដោយ​ប្រសិទ្ធភាព និង​ជា​បន្ទាន់ ជា​ពិសេស​តាម​រយៈ​ការ​បន្តការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ឱ្យ​បាន​ឆាប់រហ័ស ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។

កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ សន្តិវិធី និង​ស្ថិតស្ថេរ​ជា​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​ព្រំដែន ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ព្រមទាំង​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​។ ជាមួយ​គ្នា​នេះ កម្ពុជា​នឹង​មិន​ទទួលយក​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​បង្កើត​អង្គហេតុ​សម្រេច​លើ​ទីតាំង​ជាក់ស្តែង (faits accomplis) ជា​មធ្យោបាយ​សម្រាប់​កំណត់ ឬ​ផ្លាស់​ប្តូរ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជា​ដាច់ខាត​ ​៕