ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​ប្រមាណ៧០​រូប ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា ក្នុង​សាធារណរដ្ឋ​កូរ៉េ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​សហការី ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែសីហា ឆ្នាំ​២០២៦​ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ប្អូន​ៗ​និស្សិត​កម្ពុជា ដែល​ទើប​មក​ដល់​សាធារណរដ្ឋ​កូរ៉េ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ីន​ឆ​ន់ ប្រមាណ ៧០​រូប ដែល​នឹង​មក​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា ក្នុង​សាធារណរដ្ឋ​កូរ៉េ ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ចំពោះ CAMNEMI KOREA និង​សាកលវិទ្យាល័យ​កូរ៉េ​នានា ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ប្អូន​ៗ​និស្សិត​ខ្មែរ ​បាន​មក​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​និស្សិត​ទាំងអស់​ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ជំនាញ និង​បទ​ពិសោធន៍​ថ្មី​ៗ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេល​បញ្ចប់​ការ​សិក្សា​ ។

ឯកឧត្តម ក៏​បាន​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​និស្សិត​គ្រប់​រូប​ឱ្យ​ចូលរួម​ចំណែក​លើកតម្កើង​កិត្តិយស​ជាតិ ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ដល់​មិត្តភក្តិ​បរទេស ព្រមទាំង​កសាង និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។

ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជូនពរ​ដល់​ប្អូន​ៗ​និស្សិត​គ្រប់​រូប​សមប្រកប​នូវ​សំណាងល្អ សុខភាព​ល្អ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​សិក្សា​ប្រកបដោយ​សុវត្ថិភាព​៕