ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ទទួល​បាន​ពានរង្វាន់​ពី WHO ឆ្នាំ​២០២៦ នៅ​ស៊ី​ដ​នី លើ​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​សុខុមាលភាព​ទីក្រុង

1 អាទិត្យ មុន

ស៊ី​ដ​នី ៖ ពានរង្វាន់​អង្គការ​សុខភាព​ពិភពលោក លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ តាម​រយៈ​ការ​អនុវត្ត​គម្រោង “​ការ​ដឹក​ជញ្ជូន​មាន​សុវត្ថិភាព សកម្ម និង​លើកកម្ពស់​សុខភាព ៖ ការ​ជំរុញ​សុខភាព និង​ការ​កាត់​បន្ថយ​វិសមភាព​ក្នុង​ការ​ធើ្វ​ដំណើរ​ក្នុង​ទីក្រុង​” ។

នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៦ នាទី​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​ចូលរួម “​ស​ន្និ​សិទ្ធ​ពិភពលោក​លើក​ទី​១១ របស់​សម្ព័ន្ធភាព​សម្រាប់​សុខុមាលភាព​ទីក្រុង និង​ទទួល​ពានរង្វាន់​ប្រចាំឆ្នាំ​២០២៦ របស់​អង្គការ​សុខភាព​ពិភពលោក លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ តាម​រយៈ​ការ​អនុវត្ត​គម្រោង “​ការ​ដឹក​ជញ្ជូន​មាន​សុវត្ថិភាព សកម្ម និង​លើកកម្ពស់​សុខភាព​៖ ការ​ជំរុញ​សុខភាព និង​ការ​កាត់​បន្ថយ​វិសមភាព​ក្នុង​ការ​ធើ្វ​ដំណើរ​ក្នុង​ទីក្រុង​” (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards) ។

ពី​ទីក្រុង​ស៊ី​ដ​នី លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​រាជធានី​ភ្នំពេញ ពិតជា​ទទួល​បាន​កិត្តិយស​យ៉ាង​ធំធេង ដែល​អង្គការ​សុខភាព​ពិភពលោក បានការ​ធ្វើ​វាយតម្លៃ និង​ផ្តល់​ជា​ពានរង្វាន់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក ឃួ​ង ស្រេង ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត លើ​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន តាម​រយៈ​ការ​កែ​លម្អ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ជា​ច្រើន ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ និង​សុខាភិបាល​នៅ​ថ្នាក់​មូលដ្ឋាន ការ​អភិវឌ្ឍ​ប្រព័ន្ធ​ចរាចរណ៍ និង​ដឹក​ជញ្ជូន តាម​រយៈ​ការ​រៀបចំ​ឱ្យ​មាន​រថយន្តក្រុង​សាធារណៈ និង​ការ​រៀបចំ​ផែនការមេ​សម្រាប់​ការងារ​ដឹក​ជញ្ជូន និង​ការ​កាត់​បន្ថយ​ជា​អតិបរមា​នូវ​អត្រា​គ្រោះថ្នាក់ ដែល​បង្ក​ឡើង​ដោយ​ជំងឺមិនឆ្លង ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាពលរដ្ឋ មធ្យោបាយ​ធ្វើ​ដំណើរ និង​សំណង់​នគរ​រូប​នី​យក​ម្មយ៉ាង​ឆាប់រហ័ស​នៅ​រាជធានី​ភ្នំពេញ ។

លោកស្រី​អ្នកនាំពាក្យ បាន​បន្ត​ទៀត​ថា មិនមែន​ជា​ការ​ចៃដន្យ​ទេ ដែល​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​អង្គការ​ពិភពលោក​ទទួលស្គាល់ និង​ផ្តល់​នូវ​ពានរង្វាន់​នា​ពេល​នេះ​ទេ​។ ក្រោម​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​បណ្តាញ​ភាព​ជា​ដៃគូ​សម្រាប់​សុខុមាលភាព​ទីក្រុង (PHC) ចាប់ពី​ឆ្នាំ​២០១៧ រហូត​មក​ដល់​សព្វថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​អនុវត្ត​នូវ​គម្រោង​ធំ​ៗ​មួយ​ចំនួន ដើម្បី​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ដោយ​ជម្ងឺមិនឆ្លង​ដោយ​ក្នុង​នោះ​រួម​មាន​៖ គម្រោង​លើកកម្ពស់ សុខុមាលភាព និង​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​, គម្រោង​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​គម្រោង​គ្មាន​ការ​បង្ហុយផ្សែង​បារី​នៅ​តំបន់​ទេសចរណ៍​ផ្លូវ​ថ្មើរជើង​ចតុមុខ​ជាដើម​។​ល​។ គម្រោង​ខាងលើ​ពិតជា​បាន​រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ផ្តួចផ្តើម​ការ​កែប្រែ​ទម្លាប់​រស់នៅ​របស់​ប្រជាពលរដ្ឋ ការ​កែ​លម្អ​បរិយាកាស​សង្គម និង​ការ កាត់​បន្ថយ​នូវ​ហានិភ័យ​នានា​ដែល​បង្ក​ឡើង ដោយ​ជម្ងឺមិនឆ្លង ដែល​បាន​ឆ្លើយ​តប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​នឹង​ការងារ​គាំពារ​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

លោកស្រី បាន​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ដាក់​ចេញ និង​អនុវត្ត​សាកល្បង​នូវ​គម្រោង “​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខា​គាំទ្រ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​” ដោយ​បាន​ជ្រើសរើស​យក​តំបន់​សាលារៀន​ចំនួន ២ គឺ​សាលារៀន​មិត្តភាព​កម្ពុជា​-​វៀតណាម និង​សាលា​បឋម​-​វិទ្យាល័យ​ហ៊ុន​សែន​ចាក់​អង្រែ ដែល​ជា​ច្រកចេញ​-​ចូល​រាជធានី​ភ្នំពេញ មាន​ស្ថានភាព​ចរាចរណ៍​មមាញឹក និង​ងាយ​បង្ក​ជា​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​តំបន់​នោះ ។

នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្តោត​នូវ​ការ​អនុវត្ត​នូវ​វិធានការ​ធំ​ៗ​ចំនួន ៣ គឺ​៖ (១) ការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​សិ​ស្សា​នុស​ស្សិ និង​ប្រជាពលរដ្ឋ​គោលដៅ​, (២) ការ​កែ​លម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បំពាក់​នូវ​បរិក្ខា​គាំទ្រ​ទំនើប រួម​មាន​៖ តម្លើង​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍ ផ្ទាំង​កំណត់​ល្បឿន​ឆ្លាត​វៃ ព្រមទាំង​បំពាក់​ប្រព័ន្ធ​កា​ម៉េ​រ៉ា​សុវត្ថិភាព​ជាដើម​។​ល​។ (៣) ការ​ពង្រឹង​វិធានការ​តាមដាន ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធានការ​ដែល​មាន​ស្រាប់​គឺ ការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច និង​ភ្នាក់ងារ​ចរាចរណ៍​នៅ​តា ម​សាលារៀន ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​នៅ​ក្នុង​កំឡុង​ពេល​ម៉ោង​សិស្ស​ចូល និង​ចេញពី​រៀន ដែល​បាន​បញ្ចៀស​នូវ​ហានិភ័យ​បាន​យ៉ាង​ល្អ​ប្រសើរ ។

តាម​រយៈ​កិច្ចការ​ដែល​បាន​អនុវត្ត​ទាំង​អស់នេះ ទើប​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី​នៃ​ការ​ប្រគល់​ជូន​នូវ​ពានរង្វាន់​ប្រចាំឆ្នាំ​២០២៦ នៃ​អង្គការ​សុខភាព​ពិភពលោក​នា​ពេល​នេះ​។ សូម​បញ្ជាក់​ថា ៖ មាន​ទីក្រុង​ជាង ១៥០​ទីក្រុង​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ដាក់​ពាក្យ ដើម្បី​ទទួល​បានការ​វាយតម្លៃ និង​ជ្រើសរើស​ប្រគល់​ពានរង្វាន់​នេះ ហើយ​ទីក្រុង​ដែល​ជាប់​មាន ចំនួន ៨ រាប់​ទាំង​រាជធានី​ភ្នំពេញ ផង​ដែរ ៕