ប្រទេសឡាវ៖ ភ្លៀងមូសុងធ្លាក់ខ្លាំងនៅចុងខែសីហា បានបង្កឱ្យមានទឹកជំនន់វាយប្រហារភូមិជាង ១០០កន្លែងនៅខេត្តភាគខាងជើងចំនួន៣ រួមមាន ឧត្តមសៃ, ហ្លួងណាំថា និងហ្លួងព្រះបាង ដោយបង្កការខូចខាតដល់ផ្ទះសម្បែង ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់ Laotian Times នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
នៅខេត្ត ហ្លួងណាំថា ភ្លៀងធ្លាក់ខ្លាំងចន្លោះពីថ្ងៃទី២៨ ដល់៣០ ខែសីហា បានបង្កទឹកជំនន់ភ្លាមៗនៅ ៥៤ភូមិរួមទាំងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ក្បែរច្រកព្រំដែនចិន។ ទឹកជំនន់បានប៉ះពាល់ដល់គ្រួសារជាង ២,៤០០គ្រួសារនៅក្នុងស្រុក ហ្លួងណាំថា ខណៈការវាយតម្លៃការខូចខាតនៅមិនទាន់បញ្ចប់។
នៅខេត្ត ឧត្តមសៃភ្លៀងធ្លាក់ជាប់ៗគ្នាកាលពីថ្ងៃទី២៩–៣០ ខែសីហា បានបង្កជំនន់ភ្លាមៗនៅស្រុក ណាំមួ, សៃ និង ឡា ប៉ះពាល់ដល់ ៨១ភូមិ។ ជំនន់ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងខែសីហា បានប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងបង្កការខូចខាតប៉ាន់ស្មានប្រមាណ ៤៨,៤៧ពាន់លានគីបឬប្រហែល ២,១លានដុល្លារ។
ចំណែកខេត្ត ហ្លួងព្រះបាង ទឹកជំនន់ភ្លាមៗនៅស្រុក ណាំបាក់ កាលពីថ្ងៃទី៣០ ខែសីហា បានប៉ះពាល់ដល់ ៨ភូមិ និងប្រជាពលរដ្ឋជាង ១,០០០នាក់ព្រមទាំងធ្វើឱ្យស្រែស្រូវ ចម្ការបន្លែ និងដំណាំហូបផ្លែរងការខូចខាត។ ការខាតបង់ត្រូវបានប៉ាន់ស្មានប្រមាណ ១,៨៣ពាន់លានគីបឬប្រហែល ៨១,០០០ដុល្លារ។
ទន្ទឹមនឹងនេះ ខេត្តខាំមួននៅភាគខាងត្បូង ក៏បានរងផលប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ ការជន់លិចពីរលើកចន្លោះខែកក្កដា និងសីហា បានប៉ះពាល់ដល់ភូមិរាប់រយ និងប្រជាពលរដ្ឋជាង ១០០,០០០នាក់ខណៈអាជ្ញាធរកំពុងបន្តវាយតម្លៃទំហំនៃការខូចខាត៕
ចែករំលែកព័តមាននេះ