ទីក្រុងវ៉ាស៊ីនតោន៖ ពលរដ្ឋអាមេរិកាំងភាគច្រើនប្រឆាំងជំទាស់នឹងចំណាត់ការរបស់លោកដូណាល់ត្រាំដែលដំឡើងពន្ធគយលើទំនិញនាំចូលពីកាណាដា ហើយក៏ប្រឆាំងជំទាស់នឹងបទបញ្ជារបស់លោកដែលដូរឈ្មោះ «បឹងអុងតារីយ៉ូ» ទៅជា «បឹងអាមេរិកាំង» វិញ។ នេះបើយោងតាមលទ្ធផលស្ទង់មតិរបស់រ៉យទ័រដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ។ ពួកគេបារម្ភមិនតិចទេនៅពេលប្រទេសទាំង២ដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ល្អនឹងគ្នាអស់ជាច្រើនទសវត្សរ៍មកហើយនោះនៅសុខៗស្រាបតែមានជម្លោះនឹងគ្នា។ ជម្លោះកាន់តែស្រួចស្រាល់ជាងមុនបន្ទាប់ពីការចរចាគ្នាដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មត្រូវបរាជ័យទាំងកណ្ដាលទី និងបន្ទាប់ពីលោកត្រាំបញ្ជាឱ្យដំឡើងពន្ធ។

នៅក្នុងចំណោមពលរដ្ឋអាមេរិកាំងដែលឆ្លើយនឹងសំណួរស្ទង់មតិ មានតែ២០%ប៉ុណ្ណោះគាំទ្រការដំឡើងពន្ធកាណាដា, ៥៧%ប្រឆាំងជំទាស់នឹងការដំឡើងពន្ធ និង២១%សូមមិនមានយោបល់។ ម្នាក់នៅក្នុងចំណោមពលរដ្ឋ៥នាក់ប្រាប់ថាពួកគេមិនសូវតាមដានព័ត៌មាននេះទេ ហើយក៏មិនដឹងអំពីសភាពការណ៍វិវត្តពាក់ព័ន្ធនឹងបញ្ហាដំឡើងពន្ធនេះដែរ។ នៅក្នុងផ្ទៃក្នុងប្រទេសអាមេរិកកំពុងមានសម្ពាធហិរញ្ញវត្ថុមិនតិចទេដោយសារសាំងឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីលោកដូណាល់ត្រាំវាយប្រហារអ៊ីរ៉ង់។

ពលរដ្ឋអាមេរិកម្ចាស់ឆ្នោតចាត់ទុកការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃគឺជាកត្តាស្លាប់រស់ដែលពួកគេត្រូវតែគិតគូរពិចារណាបំផុតមុនពេលបោះឆ្នោតសភានាខែវិច្ឆិកា។ ក្រុមសម្ព័ន្ធមិត្តរបស់លោកត្រាំនៅក្នុងគណបក្សសាធារណរដ្ឋជាមួយគ្នានឹងខិតខំរក្សាសំឡេងឆ្នោតឱ្យបានភាគច្រើនដាច់ខាត។ លទ្ធផលស្ទង់មតិប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបង្ហាញថាលោកដូណាល់ត្រាំធ្លាក់ប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងអាជីពនយោបាយរបស់លោក។ ឈ្មោះបឹងអុងតារីយ៉ូ ដែលដូរមកជាបឹងអាមេរិកាំងវិញនោះប្រើសម្រាប់កត់ត្រានៅក្នុងសំណេរជាផ្លូវការរបស់រដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។ ដូច្នេះកាណាដា និងអង្គការអន្តរជាតិនានាអាចហៅឈ្មោះបឹងនេះដដែលវិញក៏បានដែរ។

លោកត្រាំឧស្សាហ៍និយាយប៉ះពាល់កាណាដាជាហូរហែរ។ លោកធ្លាប់គំរាមកាត់ខ្វៀលយកប្រទេសកាណាដាទាំងមូលធ្វើជារដ្ឋទី៥១របស់អាមេរិក។ ម៉ិកស៊ីកូក៏មិនខុសគ្នាប៉ុន្មានដែរ។ លោកត្រាំបានបញ្ជាឱ្យដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិកវិញ។ នៅក្នុងចំណោមអ្នកចូលរួមឆ្លើយសំណួរស្ទង់មតិទាំងអស់ ១៤%ប្រាប់ថាពួកគេគាំទ្រការដូរឈ្មោះបឹងអុងតារីយ៉ូទៅជាបឹងអាមេរិកាំង។ ឈ្មោះបឹងនេះបានដាក់រយៈពេលជាង៤០០ឆ្នាំមកហើយ។ អ្នកឆ្លើយសំណួររហូតដល់៦៣%ប្រាប់ថាពួកគេប្រឆាំងនឹងការដូរឈ្មោះបឹងនេះ។ អ្នកក្រៅពីនេះប្រាប់ថាពួកគេមិនអាចសម្រេចចិត្តបែបណា ឬអ្នកខ្លះមិនឆ្លើយសំណួរតែម្ដង។ ការស្ទង់មតិនេះដកស្រង់ពីអ្នកចូលរួមឆ្លើយសំណួរពេញវ័យសរុប១០២៣នាក់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ