ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កោះ​យ៉ ខេត្តកោះកុង ក្រោយ​រង​ការ​បាញ់​គ្រាប់​ផ្លោង​ពី​នាវាចម្បាំង​ថៃ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​កោះ​យ៉ នៅ​ខេត្តកោះកុង ដែល​ត្រូវ​បាន​រង​ការ​វាយប្រហារ​ដោយ​កង​កម្លាំងយោធា​ថៃ ដោយ​ការ​បាញ់​គ្រាប់​ផ្លោង​ប្រភេទ​76.2mm បាញ់​ចេញពី​នាវាចម្បាំង​ថៃ ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​ច្រើន រង​ការ​បំផ្លិចបំផ្លាញ និង​ខូចខាត​យ៉ាងដំណំ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រភព​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​អង្គារ ទី​១ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០:១៥​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​កោះ​យ៉ ស្ថិត​ក្នុងភូមិ​ប៉ាក់​ខ្ល​ង ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ដែល​ត្រូវ​បាន​រង​ការ​វាយប្រហារ​ដោយ​កង​កម្លាំងយោធា​ថៃ ដោយ​ការ​បាញ់​គ្រាប់​ផ្លោង​ប្រភេទ​76.2mm បាញ់​ចេញពី​នាវាចម្បាំង​ថៃ ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ជា​ច្រើន​រង​ការ​បំផ្លិចបំផ្លាញ និង​ខូចខាត​យ៉ាងដំណំ​។

ការ​ចុះ​សង្កេតការណ៍​នេះ​មាន​គោលបំណង​ផ្តល់​ជូន​អ្នក​សង្កេតការណ៍​អាស៊ាន​នូវ​ការ​យល់​ដឹង​ទូលំទូលាយ និង​ផ្អែក​លើ​ការ​សង្កេត​ផ្ទាល់ អំពី​ស្ថានភាព​នៅ​តំបន់​ព្រំដែន ព្រមទាំង​បង្ហាញ​ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​រយៈ​ការ​ពិភាក្សា និង​យន្តការ​ទ្វេភាគី ស្រប​តាម​ច្បាប់​អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ជា​ធរមាន និង​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង ៕