ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង ILO រួម​គ្នា​ពង្រឹង​កិច្ច​សន្ទនា ស្តី​ពី​ការងារ​សមរម្យ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​ជាមួយ​លោកស្រី ស៊ា​វ​យៀន ឈាន (Xiaoyan Qian) នាយិកា​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវបាន​អញ្ជើញ​ជា​សហ​អធិបតី​បើក “​សិក្ខាសាលា​ជាតិ​ស្តី​ពី​ការងារ​សមរម្យ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា​” នា​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន សហជីព អង្គការ​និយោជក អង្គការ​កម្មករនិយោជិត ប្រតិបត្តិ​ករ​ថ្នាល​បច្ចេកវិទ្យា អ្នកជំនាញ និង​ភាគី​ពាក់ព័ន្ធ​។

សិក្ខាសាលា​នេះ​មាន​គោលបំណង​ពង្រឹង​ការ​យល់​ដឹង​អំពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា​នៅ​កម្ពុជា ពិនិត្យ​លក្ខខណ្ឌ​ការងារ និង​ការ​គ្របដណ្ដប់​របប​សន្តិសុខ​សង្គម​របស់​អ្នកធ្វើការ​តាម​ថ្នាល​បច្ចេកវិទ្យា ព្រមទាំង​ឈ្វេងយល់​អំពី​បទដ្ឋាន​អន្តរជាតិ​ការងារ​ថ្មី​ៗ ក្របខ័ណ្ឌ​គតិ​យុ​ត្ត និង​គោលនយោបាយ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា ព្រមទាំង​បទ​ពិសោធ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ការ​កំណត់​អាទិភាព និង​ការ​ពិភាក្សា​គោលនយោបាយ​នា​ពេល​ខាង​មុខ​។

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​គូសបញ្ជាក់​ថា ប្រធានបទ​នេះ​មាន​សារៈសំខាន់ និង​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ពិភព​ការងារ ខណៈ​ការ​រីក​ចម្រើន​នៃ​ថ្នាល​បច្ចេកវិទ្យា​បាន​បង្កើត​ឱកាស​ថ្មី​ៗ ប៉ុន្តែ​ក៏​នាំ​មក​នូវ​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឱ្យ​មានការ​សិក្សា វាយតម្លៃ និង​ឆ្លើយ​តប​ប្រកបដោយ​តុល្យភាព​។ កិច្ច​ពិភាក្សា​នេះ​ក៏​ជា​ឱកាស​សម្រាប់​ភាគី​ពាក់ព័ន្ធ​ចែករំលែក​បទ​ពិសោធ និង​កំណត់​បញ្ហា​ប្រឈម​នៃ​ទម្រង់​ការងារ​ថ្មី​ៗ​។

លោក​ជំទាវ​បាន​សង្កត់ធ្ងន់​ថា ការ​ចាប់​យក​នវានុវត្តន៍ និង​ការ​លើកកម្ពស់​ការងារ​សមរម្យ​មិនមែន​ជា​គោលដៅ​ដែល​ផ្ទុយ​គ្នា​នោះ​ទេ ប៉ុន្តែ​ត្រូវ​រក្សា​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង និង​ការ​ធានា​ការ​គាំពារ​សម​ស្រប​ដល់​អ្នកធ្វើការ​។ ការ​កំណត់​ជម្រើស​គោលនយោបាយ​ត្រូវ​ផ្អែក​លើ​បរិបទ​សេដ្ឋកិច្ច សង្គម រចនាសម្ព័ន្ធ​ទីផ្សារ​ការងារ លក្ខណៈ​អាជីវកម្ម និង​សមត្ថភាព​អនុវត្ត​របស់​កម្ពុជា ព្រមទាំង​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆ្នាំ​២០២៤-២០២៨​។

ជាមួយ​គ្នា​នេះ លោកស្រី ស៊ា​វ​យៀន ឈាន នាយិកា​ការិយាល័យ ILO ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ និង​ការ​យកចិត្តទុកដាក់​របស់​កម្ពុជា​ចំពោះ​ការ​លើកកម្ពស់​ការងារ​សមរម្យ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា ព្រមទាំង​បញ្ជាក់​ពី​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​របស់ ILO​។ សិក្ខាសាលា​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ផ្តល់​ធាតុ​ចូល​សម្រាប់​ការ​កំណត់​អាទិភាព និង​សិក្សា​ជម្រើស​គោលនយោបាយ ដើម្បី​ធានា​ការ​ឆ្លើយ​តប​របស់​កម្ពុជា​ចំពោះ​ទម្រង់​ការងារ​បច្ចុប្បន្ន និង​ការងារ​ថ្មី​ៗ​នា​ពេល​អនាគត ប្រកបដោយ​តុល្យភាព បរិ​យា​បន្ន និង​ចីរភាព​៕ អត្ថបទសហការ