ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសចាប់ខ្លួន ព្រោះរកស៊ីផ្តល់កម្ចីដោយមានលក្ខខណ្ឌរូបថតអាក្រា.តកាយ

4 ថ្ងៃ មុន
  • ភ្នំពេញ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ផ្តល់​ប្រាក់​កម្ចី​ដោយ​យកការប្រាក់​ខ្ពស់ ការ​គំរាមកំហែង និង​ការ​ចែកចាយ​រូបភាព​អាក្រាត​របស់​ជន​រង​គ្រោះ​តាម​បណ្តាញ​សង្គម ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង តាម​បញ្ជា​ដឹកនាំ​របស់​លោក ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី លោក​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច ជនសង្ស័យ អាយុ​៣៨​ឆ្នាំ បាន​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bunna FC និង​គណនី​តេ​ឡេ​ក្រាម​ឈ្មោះ Bun Na ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ដោយ​យកការប្រាក់​ខ្ពស់ ។

អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ គឺ​ជនសង្ស័យ​ត្រូវ​បាន​សង្ស័យ​ថា បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​អ្នក​ខ្ចីប្រាក់​ថតរូប​ភាព និង​វី​ដេ​អូ​អាក្រាត​កា​.​យ រួច​ផ្ញើ​មក​ឱ្យ​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី ។

នៅ​ពេល​ជន​រង​គ្រោះ​មិន​មាន​លទ្ធភាព​សង​ប្រាក់​តាម​ពេល​កំណត់ ជនសង្ស័យ​បាន​ប្រើប្រាស់​សារ​ឆាត​តាម​បណ្តាញ​សង្គម ដើម្បី​គំ​រា​.​ម​កំ​ហែ​.​ង និង​ទាមទារ​ប្រាក់ ។ លើស​ពី​នេះ ក៏​ត្រូវ​បាន​សង្ស័យ​ថា បាន​យក​រូបភាព​អាក្រា​.​ត​កាយ​របស់​ជន​រង​គ្រោះ​ទៅ​បង្ហោះ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធិ​ឯកជន​របស់​ជន​រង​គ្រោះ​។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ និង​ប្រមូល​ភស្តុ​តាង នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ប​.​ប​.​ណ ទៅ​កាន់​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

សមត្ថកិច្ច​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្តល់​ប្រាក់​កម្ចី​តាម​បណ្តាញ​សង្គម និង​កុំ​ផ្តល់​រូបភាព ឬ​វី​ដេ​អូ​ឯកជន​ទៅ​ឱ្យ​ជន​មិន​ស្គាល់ ព្រោះ​អាច​ប្រឈម​នឹង​ការ​យក​ទៅ​ប្រើប្រាស់​ខុស​គោលបំណង និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៕