ប្រទេសនេប៉ាល់ ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមបានលេចចេញរូបភាព និងវីដេអូមួយចំនួនដែលអះអាងអំពីការប្រទះឃើញថ្មសក្ការបូជា Shaligram ដ៏ល្បីនៅក្នុងសាសនាហិណ្ឌូ បន្ទាប់ពីវិនាសកម្មនៃគ្រោះមហន្តរាយទឹកជំនន់នៅតំបន់រវាងប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ប្រទេសចិន ដែលការអះអាងនេះគឺជារឿងមិនពិត។ នេះបើ តាមប្រភពពីសារព័ត៌មាន AsiaOne របស់សិង្ហបុរី បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
រូបភាព និងវីដេអូមួយចំនួនដែលកំពុងផ្ទុះនៅលើបណ្តាញសង្គមបានអះអាងពីការប្រទះឃើញថ្មសក្ការបូជា Shaligram ដ៏ធំមួយ បន្ទាប់ពីត្រូវបានគួចបោកបក់មកទើរលើច្រាំង ដោយសារគ្រោះទឹកជំនន់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ ថ្មខ្មៅដ៏ធំរាងរង្វង់ឌីសនោះ គឺជាថ្មសក្ការបូជា Shaligram កម្ពស់ប្រហែល ៦,៧ ម៉ែត្រ ដែលជាវត្ថុសក្តិសិទ្ធិ និងរូបតំណាង ឬការចាប់កំណើតនៃព្រះវិស្ណុនៅក្នុងសាសនាហិណ្ឌូ ជាពិសេសនិកាយ Vaishnavism។
យ៉ាងណាមិញ ថ្មនោះ គឺជាចម្លាក់ដំឡើងថ្មី មិនមែនជាផូស៊ីលធម្មជាតិទម្ងន់ ៣១ តោន ដែលអណ្ដែតមកតាមទឹកជំនន់ដូចការបង្ហោះតៗគ្នាលើបណ្ដាញសង្គមនោះទេ។ វាជាដុំថ្មភ្នំដ៏ធំមួយនៅមាត់ទន្លេ ដែលត្រូវបានក្រុមជាងចម្លាក់មកពីសាលាវិចិត្រសិល្បៈនេប៉ាល់ (Nepal Academy of Fine Arts) ឆ្លាក់ឡើងអំឡុងពេលសិក្ខាសាលារយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍សាសនា។
មួយវិញទៀត ចម្លាក់ដ៏ធំនេះ ស្ថិតនៅទីប្រជុំជនចុមសូម (Jomsom) តាមបណ្តោយដងទន្លេកាលីហ្គានដាគី (Kali Gandaki) នៅក្នុងស្រុកមូស្តាង (Mustang) ខេត្តហ្គាន់ដាគី (Gandaki) ភាគខាងជើង ប្រទេសនេប៉ាល់ និងជាប្រព័ន្ធភូមិសាស្ត្រដាច់ដោយឡែក និងនៅឆ្ងាយរាប់រយគីឡូម៉ែត្រពីតំបន់រ៉ាស៊ូវ៉ា (Rasuwa) ដែលរងគ្រោះដោយសារទឹកជំនន់ កាលពេលថ្មីៗនេះ។
គួរបញ្ជាក់ជូនថា យោងតាមប្រភពពី BBC នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់កាលពីថ្ងៃទី២៦ ខែសីហា បានសម្លាប់មនុស្ស យ៉ាងតិច ៧៩៤ នាក់ និងជាង ២ ៥០០ នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់។ ចំណែកឯនៅតំបន់ទីបេរបស់ចិន ចំនួនអ្នកស្លាប់ជាផ្លូវការមានចំនួន ១៦ នាក់ និងមានរបាយការណ៍ថាបាត់ខ្លួនចំនួន ៥៤៦ នាក់៕ ប្រភព ៖ AsiaOne និង Online Khabar



ចែករំលែកព័តមាននេះ