ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ បញ្ជា​ឱ្យ​បង្ហូតទង់ជាតិ​ពាក់កណ្តាល​ដង​ ១​ស​ប្តា​ហ៍ ក្រោយ​មរណភាព​តារាចម្រៀង​ដ៏​ល្បី Dolly Parton

2 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​បញ្ជា​ឱ្យ​បង្ហូតទង់ជាតិ​ពាក់កណ្តាល​ដង​ទូ​ទាំង​ប្រទេស ដើម្បី​គោរព ក៏​ដូច​ជា​ផ្តល់​កិត្តិយស​ដល់​លោកស្រី ដូ​លី ផាត​ថុ​ន (Dolly Parton) តារាចម្រៀង​បែប Country ដ៏​ល្បី ដែល​បាន​ទទួលមរណភាព​នៅ​ក្នុង​ជន្មាយុ ៨០ ឆ្នាំ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ដោយ​ស្ងប់ស្ងាត់ ខណៈ​មូលហេតុ​មរណភាព​មិន​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​នោះ​ទេ​។

លោក​ប្រធានាធិបតី ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម Truth Social ដូច្នេះ​ថា «​ពិតជា​មាន​សេចក្តី​សោកស្តាយ​ខ្លាំង​ណាស់​ក្នុង​ការ​ជម្រាប​ជូន​ថា លោកស្រី Dolly Parton តារាចម្រៀង Country ដ៏​អស្ចារ្យ​បំផុត​ម្នាក់ និង​លើស​ពី​នេះ​ទៅ​ទៀត​នោះ ទើបតែ​បាន​ទទួលមរណភាព ដែល​នេះ​ជា​ការ​បាត់បង់​ដ៏​ពិតប្រាកដ​មួយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់ មិន​ដែល​ធ្លាប់​មាន​នរណា​ម្នាក់​ដូច​លោកស្រី​ឡើយ ហើយ​ក៏​នឹង​មិន​មាន​ទៀត​ដែរ​»​។ ជាមួយ​គ្នា​នោះ លោក​បាន​បន្ថែម​ថា ទង់ជាតិ​នឹង​ត្រូវ​បង្ហូត​ចុះ​ពាក់កណ្តាល​ដង ចាប់ពី​ម៉ោង ៦ ល្ងាច​ថ្ងៃ​អង្គារ​តទៅ រយៈពេល​១​ស​ប្តា​ហ៍​ពេញ និង​បាន​រំលេច​ជាមួយ​ពាក្យ​ចុង​ក្រោយ​ថា «​សូម​ឱ្យទៅ​កាន់​ទី​ស្ងប់​សុខ Dolly!​។ ពិភពលោក​ស្រឡាញ់​អ្នក​ណាស់​»​។

គួរ​បញ្ជាក់​ថា លោកស្រី ដូ​លី ផាត​ថុ​ន គឺជា​តន្ត្រី​ការិនី​ចង្វាក់ Country និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង តារា​សម្តែង សប្បុរសជន និង​ជា​សហគ្រិន​ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​ទទួល​បាន​កិត្តិយស​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តន្ត្រី​សហរដ្ឋអាមេរិក និង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «​ម្ចាស់​ក្ស​ត្រី​នៃ​តន្ត្រី Country» ជាមួយ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន រួម​មាន​ទាំង Coat of Many Colors, Jolene និង I Will Always Love You ជាដើម​។

លើស​ពី​នេះ​ទៀត អត្ត​ចរិត​ដ៏​ល្អ​ផូរផង់​របស់​លោកស្រី រួម​ផ្សំ​ជាមួយ​ម៉ូ​ដ​សក់​ពណ៌​ទង់ដែង​លើក​ខ្ពស់ សម្លៀក​បំពាក់​ឆើតឆាយ និង​ទឹកមុខ​រីករាយ​ជា​និច្ច​នោះ បាន​ធ្វើ​ឱ្យ​លោកស្រី​ទទួល​បានការ​ស្រឡាញ់​ចូល​ចិត្ត​ពី​ប្រជាជន​អា​មេ​រិ​ក​គ្រប់​មជ្ឈដ្ឋាន និង​បាន​នាំ​តន្ត្រី Country ទៅ​កាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​ផង​ដែរ​។ ដោយសារ​កើត​ចេញពី​គ្រួសារ​ក្រីក្រ ទើប​លោកស្រី​តែងតែ​បរិច្ចាគ​ប្រាក់​កាស ដើម្បី​គាំទ្រ​បុព្វហេតុ​ជា​ច្រើន រាប់​ចាប់តាំងពី​បញ្ហា​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBTQ+) និង​កម្មវិធី​អក្ខរកម្ម​សម្រាប់​កុមារ រហូត​ដល់​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​ជាដើម​។

ពេញ​មួយ​អាជីព លោកស្រី​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ទាំង Grammy ចំនួន ១១ ដង​, Emmy ៣ ដង និង​ពានរង្វាន់​មនុស្សធម៌ Jean Hersholt ក៏​ដូច​ជា​ជាប់​ឈ្មោះ​ប្រជែង​ពានរង្វាន់ Academy , Golden Globe និង​ពានរង្វាន់ Tony ផង​ដែរ​៕ ប្រភព ៖ Fox News, Reuters និង Politico