ឆ្លងចរន្តអគ្គិសនី! ឆេះអាហារដ្ឋាន «អាស្រីផ្សារធំថ្មី៣» យ៉ាងសន្ធោសន្ធៅ ផ្អើលនៅមុខក្រសួងដែនដី
- ភ្នំពេញ
រាជធានីភ្នំពេញៈអាហារដ្ឋាន អាស្រីផ្សារធំថ្មី៣ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅជាន់ទី១ បណ្ដាឱ្យបន្ទប់មួយបានរងការខូចខាតទាំងស្រុង។
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១១០និង១៥នាទីព្រឹក ថ្ងៃទី៨ខែសីហា ឆ្នាំ២០២៦ នៅចំនុចអាហារដ្ឋាន អាស្រីផ្សារធំថ្មី៣ ដែលស្ថិតនៅតាមផ្លូវលេខ១០០៣ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈពេលភ្លៀងកំពង់ធ្លាក់គេឃើញភ្លើងបានឆាប់ឆេះបន្ទប់នៅជាន់ទី១យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញពុំបណ្ដាឲ្យឆេះរាលដាលឡើយ។
តាមនគរបាលបានឲ្យដឹងទៀតថា អាហារដ្ឋានដែលត្រូវភ្លើងឆេះជា ប្រភេទសំណង់ ធ្វើពីដែកប្រក់ សីង្កសីមានទំហំ ១២ម៉ែត្រគុណ១៥ម៉ែត្រ ដែលមានម្ចាស់ ឈ្មោះ: អា ស្រី ភេទស្រីអាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ:លក់ដូរ ហើយភ្លើងបានឆាប់ឆេះបន្ទប់ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រនៅជានទី១ បណ្ដាឲ្យសម្ភារៈមួយចំនួនម៉ាសុីនអ៊ុកសុីសែន ទូទឹកកក,ទូរស័ព្ទ កង្ហារ តុ កៅអី នឹងសម្ភារះប្រើប្រាសមួយចំនួនទៀតបានរងការខូចខាត។
តាមនគរបាលបានឲ្យដឹងទៀតថាអគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី៕
















ចែករំលែកព័តមាននេះ