ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បន្ត​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ សហប្រជាជាតិលើ​គ្រប់​បញ្ហា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​បញ្ជាក់​ថា​ កម្ពុជា​នឹង​បន្ត​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិលើ​គ្រប់​បញ្ហា​ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០២៦​បាន​លើក​ឡើង​ថា ឆ្លើយ​តប​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូ​ង​មក​កាន់​កម្ពុជា របស់​លោក ថូ​ម៉ាស អ៊ែន​ឌូ​ស (Thomas Andrews) អ្នករាយការណ៍​ពិសេស​របស់​អង្គការ សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ អ្នកនាំពាក្យ​ក្រសួង ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា​កម្ពុជា​កត់សម្គាល់​អំពី «​សេចក្តីថ្លែងការណ៍​បញ្ចប់​បេសកកម្ម​» របស់​លោក ថូ​ម៉ាស អ៊ែន​គ្រួ​ស អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់​ពី​ដំណើរទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា និង​សូម​ស្វាគមន៍​ចំពោះ​បេសកកម្ម​លើកដំបូង​របស់​លោក ដែល​ប្រព្រឹត្ត​ទៅក្រោម​អាណត្តិ​ការងារ​នេះ​។

អនុលោម​តាម​កាតព្វកិច្ច និង​ការ​ប្តេជ្ញា​ចិត្តជា​អន្តរជាតិ​របស់​ខ្លួន​ចំពោះ​សិទ្ធិ​មនុស្ស ក្រោម​សន្ធិសញ្ញា សិទ្ធិ​មនុស្ស​សំខាន់​ៗ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន កម្ពុជា​បាន​អនុញ្ញាត​ជូន​អ្នករាយការណ៍​ពិសេស អញ្ជើញ ចូល​ពិនិត្យ​ដោយ​សេរីទៅ​កាន់​ទីតាំង​ឃុំឃាំង ជំរំ​ជនភៀសសឹក និង​តំបន់​ព្រំដែន ព្រមទាំង​បាន​សម្របសម្រួល ឱ្យ​មាន​ជំនួប​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ជា​បង្ក​បរិយាកាស​ល្អ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ ឯករាជ្យ​របស់​លោក​ជាមួយ​សង្គម​ស៊ី​វិល និង​សកម្មជន​នានា​។
កិច្ចសហការ​ជា​បន្តបន្ទាប់​នេះ កើត​ចេញពី​ទំនុកចិត្ត​របស់​កម្ពុជា​ ចំពោះ​យន្តការ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សហ ប្រជាជាតិ និង​ចំពោះ​វិជ្ជាជីវៈ​របស់​អ្នក​រាយ ការណ៍​ពិសេស នៅ​ក្នុង​ការ​ពិនិត្យ​ដោយ​ឯករាជ្យ ដោយ​ផ្អែក​លើ​ការ​ពិត​ជាក់ស្តែង​។

ស្ថានភាព​ព្រំដែន កម្ពុជា​កត់សម្គាល់​ឃើញ​ថា តួលេខ​នៃ​ពលរដ្ឋ​ភៀស​សឹក​ និង​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​លម​នៅ​ឋាន​វិញ ដែល
​រំលេច​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ របស់​អ្នករាយការណ៍​ពិសេស​ដោយ​បង្ហាញថា​ ជន​ស៊ី​វិល​កម្ពុជា​ប្រមាណ​៦​ម៉ឺន​នាក់​បាន​ភៀស​សឹក​នៅ​តាម​តំបន់​ព្រំដែន​នា​ចុងឆ្នាំ​មុន ហើយ​ក្នុង​នោះ​ជាង​២​ម៉ឺន​នាក់​កំពុង​បន្ត​ភៀស​សឹក​នៅឡើយ​នោះ គឺ​ស្របគ្នា​នឹង​តួលេខ​ដែល​ចងក្រង​ឡើង​តាម​រយៈ​វត្ត​មាននៅ​នឹង​កន្លែង​របស់​ភ្នាក់ងារ​អង្គការ សហប្រជាជាតិ និង​ដៃគូ​អង្គការ​មនុស្សធម៌​នានា ដែល កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ព្រំដែន រួម​ទាំង​កម្មវិធី​ផ្តល់​អាហារ និង​ជម្រកដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​។

កម្ពុជា​កត់សម្គាល់​បន្ថែម​ទៀត​ថា ទោះបីជា​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​នា​ពេល​ថ្មី​ៗ​នេះ​របស់អាជ្ញាធរ​ថៃ បាន​ជំទាស់​នឹង​តួលេខ​ដ៏​ច្បាស់លាស់​នេះ​ក្តី ក៏​សេចក្តីថ្លែងការណ៍​ទាំងនោះ បាន​បញ្ជាក់​ថា ពិតជា​មាន​ជន​ស៊ី​វិល​កម្ពុជា​ជា​ច្រើន​បាន​ភៀស​សឹក​មែន ហើយ​នៅ​តែ​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង របស់​ពួក​គេ​វិញ​បាន​ឡើយ ដោយសារ​តែ​ការ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​ថៃ​លើ​ដែនដី​កម្ពុជា​។

កម្ពុជា​សូមស្វាគមន៍​ចំពោះ​ការ​បន្ត​ផ្ទៀងផ្ទាត់ ​ដោយ​ឯករាជ្យ​អំពី​ស្ថានភាព​នេះ​ពី​សំណាក់​ភ្នាក់ងារ​ពាក់ព័ន្ធ បេសកកម្ម​ការទូត​នានា ហើយ​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​បន្ថែម​ទៀត ទៅ​កាន់​តំបន់​រង​ផល​ប៉ះពាល់​ទាំងនោះ​។

ចំពោះ​សិទ្ធិ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់ ខ្លួន ចំពោះ​សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ ត្រង់​ចំណុច​ទី​៤ នៃ​សេចក្តី​ប្រកាស​រួម​នេះ កម្ពុជា និង​ថៃ​ឯកភាព​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​នៅ​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់ វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង និង ប្រកប​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួក​គេ​វិញ ឱ្យ​បាន​កាន់តែ​ឆាប់​បំផុត ដោយ​គ្មាន​ការ​រារាំង និង​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​។

កម្ពុជា​អំពាវនាវ​ឱ្យ​អនុវត្ត​ជា​បន្ទាន់ ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ខ្លឹមសារ ទាំងស្រុង​នៃ​ការ​ឯកភាព​គ្នា​នេះ តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ដែល​បង្កើត​ឡើង​សម្រាប់​គោលបំណង នេះ ជា​ពិសេស​ការ​ចាប់ផ្តើម​ឡើង​វិញ ឱ្យ​បាន​ឆាប់​បំផុត​នៃ​ការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន​របស់​គណៈ កម្ម​ការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដើម្បី​ឱ្យ​ជន​ភៀ សសឹក​គ្រប់​រូប អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង របស់​ខ្លួន​វិញ​។

កម្ពុជា​នឹង​បន្ត​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ លើ​គ្រប់​បញ្ហា ដែល​លើក ឡើង​ដោយ​អ្នករាយ ការណ៍​ពិសេស និង​ទន្ទឹងរង់ចាំ​នូវ​កិច្ច​ពិភាក្សា​ពេញលេញ និង​ប្រកបដោយ​ស្ថាបនា​អំពី ស្ថានភាព​នេះ នៅ​ក្នុង​សម័យប្រជុំ​នា​ពេល​ខាង​មុខ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ​.​ស​.​ប​.​។

កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំង អស់ ដែល​កើត​ចេញពី​ស្ថានភាព​ព្រំដែន​នេះ តាម​ម ធ្យោ​បាយ​សន្តិភាព ការ​សន្ទនា និង​ការ​គោរព​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​ក្នុង​ការ​អនុវត្ត​ពេញលេញ​នៃ​ការ​ប្តេជ្ញា​ចិត្ត ដែល​រាជរដ្ឋាភិបាល​ទាំង​ពីរ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​៕