ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ចំណាប់អារម្មណ៍​លើ​ទីផ្សារ​គ្រឿងសម្អាង​ក្នុង​ប្រទេស​កម្ពុជា និង​មានបំណង​ស្វែងរក​ដៃគូ​អាជីវកម្ម និង​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​អគ្គលេខាធិការ​ នៃ​សមាគម​ពិភពលោក​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កូរ៉េ​ មាន​ចំណាប់អារម្មណ៍​លើ​ទីផ្សារ​គ្រឿងសម្អាង​ក្នុង​ប្រទេស​កម្ពុជា និង​មាន​បំណង​ស្វែងរក​ដៃគូ​អាជីវកម្ម និង​បើក​រោងចក្រ​ផលិត​ក្នុង​ប្រទេស​កម្ពុជា ​។

ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក​បណ្ឌិត Rhee Sung woo អគ្គលេខាធិការ ​នៃ​សមាគម​ពិភពលោក​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (World Association for Small and Medium Enterprises-WASME) នៅ​ស្ថានទូត​កម្ពុជា ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦​ ។

WASME ជា​អង្គការ​អន្តរជាតិ ​ដែល​ជួយ​លើកកម្ពស់ និង​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការ​អភិវឌ្ឍ​ជំនាញបណ្តុះបណ្តាល​សមត្ថភាព បច្ចេកវិទ្យា ការ​គ្រប់គ្រង​អាជីវកម្ម និង​ការ​ផ្សព្វផ្សាយ ផ្សេង​ៗ​។ ក្នុង​រយៈពេល​ជាង ៤៥​ឆ្នាំ នៃ​ការ​បើក​ដំណើរការសមាគម​នេះ​មាន​សមាជិក​ប្រមាណ ១,០០០ ក្រុមហ៊ុន ទូ​ទាំង​សាកលលោក​ ។

ក្នុង​ឱកាស​នៃ​ជំនួប ក្រុម​គណៈប្រតិភូ​បាន​មាន​ចំណាប់អារម្មណ៍​លើ​ទីផ្សារ​គ្រឿងសម្អាង​ក្នុង​ប្រទេស​កម្ពុជា និង​មាន​បំណង​ស្វែងរក​ដៃគូ​អាជីវកម្ម និង​បើក​រោងចក្រ​ផលិត​ក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាប​ជូន​ក្រុម​គណៈប្រតិភូ​អំពី​សក្តានុពល លក្ខខណ្ឌ​អនុគ្រោះ និង​អត្ថប្រយោជន៍​ផ្សេង​ៗ ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ឯកឧត្តម​ក៏​បាន​អញ្ជើញ​ក្រុម​គណៈ​ប្រ​តិ ភូ​បំពេញ​ទស្សនកិច្ច​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​បន្ថែម​អំពី​ទីផ្សារ​កម្ពុជា និង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ហើយ​ស្ថានទូត​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​សម្របសម្រួល​សម្រាប់​ជំនួប​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​៕