ប្រទេសវៀតណាម៖ អាជ្ញាធរវៀតណាមបានទទួលពលរដ្ឋវៀតណាម ៤៧នាក់ ដែលត្រូវបានសហរដ្ឋអាម៉េរិកបណ្តេញចេញ ក្រោយរកឃើញថា បានរំលោភច្បាប់អាម៉េរិក។ នេះជាក្រុមធំបំផុតដែលអាជ្ញាធរទីក្រុងហូជីមិញទទួលត្រឡប់មកវិញ ចាប់តាំងពីដើមឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតប្រជាជនវៀតណាម Nhan Dan កាលពីពេលថ្មីៗនេះ។
ការប្រគល់ និងទទួលពលរដ្ឋធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ដោយមានការសម្របសម្រួលរវាងអាជ្ញាធរវៀតណាម និងសហរដ្ឋអាម៉េរិក ស្របតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ដំណើរការទទួលពលរដ្ឋត្រូវបានអនុវត្តតាមច្បាប់ ដោយធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសិទ្ធិស្របច្បាប់របស់អ្នកដែលត្រឡប់មកវិញ។
សម្រាប់អ្នកដែលគ្មានកន្លែងស្នាក់នៅ មិនអាចទាក់ទងក្រុមគ្រួសារ ឬស្ថិតក្នុងស្ថានភាពលំបាក ដូចជាមនុស្សចាស់ អ្នកមានបញ្ហាសុខភាព ឬបាត់ទំនាក់ទំនងជាមួយគ្រួសារយូរឆ្នាំ អាជ្ញាធរនឹងសម្របសម្រួលផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងជំនួយសង្គមតាមរយៈស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងទៅសិក្សា ធ្វើការ ធ្វើដំណើរ ឬរស់នៅក្រៅប្រទេស ត្រូវគោរពច្បាប់នៃប្រទេសគោលដៅ ជៀសវាងការចូល-ចេញប្រទេសដោយខុសច្បាប់ ការប្រើប្រាស់ឯកសារក្លែងក្លាយ និងការចូលរួមក្នុងបណ្តាញជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកខុសច្បាប់៕
ចែករំលែកព័តមាននេះ