ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ជំរុញ​លើកកម្ពស់​ការ​ដឹកនាំ និង​អភិវឌ្ឍ​គ្រឹះស្ថាន TVET ឱ្យ​កាន់តែ​ទំនើប និង​គុណភាព​ខ្ពស់​ក្នុង​ការ​បណ្តុះបណ្តាល ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ការងារ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ឯកឧត្តម ជិន តា​រ៉ា ជានា​យក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) និង​ឯកឧត្តម តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) នា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​នាយក នាយករង​មក​ពី​គ្រឹះស្ថាន​ធី​វេ​ត​ទាំង​៣៧ ក្រោម​ឱវាទ​ក្រសួង​ផង​ដែរ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ជិន តា​រ៉ា និង​ឯកឧត្តម តាន់ កុសល ដែល​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង ជា​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ដឹកនាំ កែទម្រង់​ឱ្យ​វិទ្យាស្ថាន​ទាំង​ពីរ​កាន់តែ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព​។​ ​ទន្ទឹម​នេះ ឯកឧត្តម ហេង សួរ ក៏​បាន​សំដែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ប៊ុ​ន ភា​រិ​ន អតីត​នាយក​វិទ្យាស្ថាន NPIC និង​ឯកឧត្តម យ៉ោ​ក សុ​ទ្ធី អតីត​នាយក​វិទ្យាស្ថាន NTTI ដែល​បាន​ដឹកនាំ​កន្លង​មក​ធ្វើ​ឱ្យ​វិទ្យាស្ថាន​ទាំង​ពីរ ទទួល​បាន​សមិទ្ធផល និង​ស្នាដៃ​ជា​ច្រើន ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​និង​ផ្តាំផ្ញើ​ដល់​នាយក​ថ្មី​នៃ​វិទ្យាស្ថាន​ទាំង​ពីរ​ឱ្យ​បន្ត​ដឹកនាំ​គ្រប់គ្រង​វិទ្យាស្ថាន​ឈរ​លើ​ស្មារតី​សាមគ្គី​ឯកភាព​ផ្ទៃក្នុង មាន​តម្លាភាព គណនេយ្យ​ភាព រក្សា​ចាស់ បង្កើន​ថ្មី និង​ដាក់​ចេញ​នូវ​វិធានការ​កំណែទម្រង់ សំដៅ​ធ្វើ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល ជា​ពិសេស​ការ​ពង្រឹងសមត្ថភាព​គ្រូ ទំនើប​កម្ម​ទាំង​ឧបករណ៍ សម្ភារៈ​និង​កម្មវិធី​សិក្សា​ទាំង​ជំនាញ​ទន់ និង​ជំនាញ​រឹង​ឱ្យ​ឆ្លើយ​តប​បាន​តាម​កា​រវិ​វត្ត​រីក​ចម្រើន​នៃ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ព្រមទាំង​ពង្រឹង​ការ​គ្រប់គ្រង ទាំង​វិន័យ​ការងារ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។

ឯកឧត្តម​ក៏​បាន​ណែនាំ​ឱ្យ​ពង្រឹង​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​ជាតិ​-​អន្តរជាតិ លើកកម្ពស់​ការ​ហ្វឹកហ្វឺន​កូនជាង ការ​ធ្វើតេស្ដ​ទទួលស្គាល់​ជំនាញ​ពី​មុន ការ​បង្កើន និង​ផ្លាស់​ប្តូរ​ជំនាញ ព្រមទាំង​ការ​ស្រាវជ្រាវ និង​នវានុវត្តន៍ ជា​ពិសេស​ផ្សព្វផ្សាយ​ពី​វិស័យ TVET តាម​រយៈ​ការ​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ តំបន់​សេដ្ឋកិច្ច​ពិសេស និង​អាជ្ញាធរ​មូលដ្ឋាន​។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​ដឹកនាំ​ថ្មី ដោយ​មានការ​ចូលរួម​ពី​មន្ត្រី បុគ្គលិក និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​នឹង​ធ្វើ​ឱ្យ​វិទ្យាស្ថាន​ទាំង​ពីរ​ក្លាយជា​គ្រឹះស្ថាន TVET ឈានមុខ​គេ​ក្នុង​តំបន់ និង​ជា​មជ្ឈមណ្ឌល​ឧត្តមភាព បង្កើត​សមិទ្ធផល​ថ្មី​ៗ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​។

ឯកឧត្តម​សង្កត់ធ្ងន់​ថា ការ​តាំងចិត្ត និង​ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន TVET​ទាំងអស់​គឺជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​វិស័យ TVET កាន់តែ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​កសាង​មូលធន​មនុស្ស​ប្រកបដោយ​ជំនាញ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា និង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម ជិន តា​រ៉ា និង​ឯកឧត្តម តាន់ កុសល ក៏​បាន​ថ្លែងអំណរគុណ និង​ប្តេជ្ញា​ចិត្ត​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់​ជូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព និង​ប្រសិទ្ធភាព ៕