ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញសាកសពមនុស្ស ៥នាក់នៅភ្នំហិមាល័យ ក្រោយបាត់ខ្លួនក្នុងព្រិលកប់ជិត ៩ខែ

1 ខែ មុន



ប្រទេសនេប៉ាល់៖ អាជ្ញាធរនេប៉ាល់បានប្រកាសថា សាកសពមនុស្ស ​៥នាក់​ ដែលគេជឿថាជាអ្នកឡើងភ្នំបាត់ខ្លួនដោយសារគ្រោះព្រិលបាក់​សង្កត់លើនៅលើភ្នំហិមាល័យ​ ត្រូវបានរកឃើញ ក្រោយបាត់ខ្លួនអស់រយៈពេលជិត ​៩ខែ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៧ ខែសីហានេះ។

សាកសពទាំងនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅជំរំមូលដ្ឋាន​នៃភ្នំកម្ពស់ ​៥.៦៣០ម៉ែត្រ​ ស្ថិតក្នុង​ខេត្តដូឡាខា បន្ទាប់ពីព្រិលរលាយ និងប្រទះឃើញសាកសព។

អ្នកនាំពាក្យនគរបាលខេត្តដូឡាខា​ បានឱ្យដឹងថា សាកសពទាំងនេះត្រូវបានសង្ស័យថា ជាក្រុមអ្នកឡើងភ្នំដែលបានបាត់ខ្លួនក្នុងហេតុការណ៍ព្រិលបាក់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា អត្តសញ្ញាណនឹងត្រូវបញ្ជាក់ក្រោយពេលយកសាកសពចុះពីភ្នំ និងធ្វើកោសល្យវិច័យ។

អាជ្ញាធរបានបញ្ជូនកម្លាំងនគរបាលតាមឧទ្ធម្ភាគចក្រទៅកាន់ទីតាំងកើតហេតុ ប៉ុន្តែប្រតិបត្តិការយកសាកសពចុះត្រូវផ្អាក ដោយសារអាកាសធាតុអាក្រក់។ មន្ត្រីបានបញ្ជាក់ថា នឹងបន្តប្រតិបត្តិការភ្លាមៗ នៅពេលអាកាសធាតុអំណោយផល​៕