រដ្ឋបាលខេត្តកំពង់ស្ពឺ ណែនាំដល់ផ្ទះសំណាក់និងសណ្ឋាគារ ហាមដំឡើងថ្លៃ អំឡុងពេលប្រឡងបាក់ឌុប
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺសេចក្តីជូនដំណឹង រក្សាតម្លៃសេវាស្នាក់នៅ ដល់ផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ទូទាំងខេត្ត ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦នេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
-សេចក្តីជូនដំណឹងស្តីពីការរក្សាតម្លៃសេវាស្នាក់នៅរបស់ផ្ទះសំណាក់ និងសណ្ឋាគារ ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជូនដំណឹងដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងមូលដ្ឋានអាជីវកម្មស្នាក់នៅ ទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សាម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងសម្រួលដល់បេក្ខជន មាតាបិតា អាណាព្យាបាល ដែលធ្វើដំណើរមកស្នាក់នៅ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងមូលដ្ឋានអាជីវកម្មស្នាក់នៅ ត្រូវចូលរួមសហការអនុវត្តដូចខាងក្រោម÷
១. រក្សាតម្លៃសេវាស្នាក់នៅឱ្យនៅដដែល និងមិនដំឡើងថ្លៃសេវាហួសហេតុក្នុងអំឡុងពេលប្រឡង។
២. បិទបង្ហាញតារាងតម្លៃសេវាស្នាក់នៅឱ្យបានច្បាស់លាស់ និងអនុវត្តកម្លៃស្របតាមតារាងដែលបាន ប្រកាស។
៣. ផ្តល់សេវាស្នាក់នៅប្រកបដោយគុណភាព អនាម័យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ដល់បេក្ខជន មាតាបិតា អាណាព្យាបាល និងភ្ញៀវទូទៅ។
៤. សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តបទប្បញ្ញត្តិ ពាក់ព័ន្ធជាធរមាន។
អាស្រ័យហេតុនេះ សូម ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងមូលដ្ឋានអាជីវកម្មស្នាក់នៅទាំងអស់ ជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ៕














ចែករំលែកព័តមាននេះ