ប្រទេសវៀតណាម៖ អាជ្ញាធរទីក្រុងដុងណាយ ភាគខាងត្បូងប្រទេសវៀតណាម បានរកឃើញកសិដ្ឋានបំប៉នជ្រូកចំនួន ៧កន្លែង លួចប្រើសារធាតុ Salbutamol ដែលត្រូវបានហាមឃាត់ក្នុងការចិញ្ចឹមសត្វ និងបានរឹបអូសជ្រូកជាង ៤.១០០ក្បាល ដើម្បីបន្តការស៊ើបអង្កេត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre កាលពីពេលថ្មីៗនេះ។
ការត្រួតពិនិត្យបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ដោយរកឃើញថា ជ្រូកនៅកសិដ្ឋានទាំង ៧ មានសំណាកទឹកនោមវិជ្ជមានចំពោះសារធាតុ Salbutamol ដែលជាសារធាតុជំរុញការលូតលាស់សាច់ និងត្រូវបានហាមប្រើក្នុងវិស័យចិញ្ចឹមសត្វ។
អាជ្ញាធរបានប្រមូលសំណាកបន្ថែមដើម្បីវិភាគនៅមន្ទីរពិសោធន៍។ ប្រសិនបើលទ្ធផលបញ្ជាក់ការប្រើប្រាស់សារធាតុហាមឃាត់ កសិដ្ឋានពាក់ព័ន្ធនឹងប្រឈមការផាកពិន័យ និងវិធានការតាមច្បាប់យ៉ាងតឹងរ៉ឹង។
មន្ត្រីជំនាញបានពន្យល់ថា Salbutamol ត្រូវបានអ្នកជួញដូរមួយចំនួនប្រើដោយខុសច្បាប់ ដើម្បីធ្វើឱ្យជ្រូកមានសាច់ច្រើន ខ្លាញ់តិច និងមើលទៅស្រស់ស្អាត ងាយលក់បានតម្លៃខ្ពស់។ ទោះជាយ៉ាងណា សំណល់សារធាតុនេះនៅក្នុងសាច់ជ្រូក អាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។
អាជ្ញាធរបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់រកឃើញការប្រើប្រាស់សារធាតុហាមឃាត់នៅកសិដ្ឋានចិញ្ចឹមជ្រូកបែបប្រពៃណីក្នុងទីក្រុងដុងណាយនៅឡើយទេ៕
ចែករំលែកព័តមាននេះ