ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​កម្ពុជា​ចុះ​សង្កេតការណ៍ ផ្ទៀង​ផ្ទាត់ នៅ​ចំណុច​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​​ក្សាន្ត ខេត្តព្រះវិហារ

6 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តព្រះវិហារ ​៖ ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយ​ការណ៍នៅ​ចំណុច​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់អ្នកនាំពាក្យ​ក្រសួងការពារជាតិបានឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង០៨ និង៣០​នាទី​ព្រឹក ក្រុម​អ្នកសម្រប​សម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស​ម្រ​ប​សម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយ​ការណ៍ នៅ​ចំណុច​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ជា​ភូមិដ្ឋាន​រស់នៅ​របស់​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់ ​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាង​លើ​ មិនមែន​ជាទី​តាំង​យោធា​នោះ​ទេ គឺជា​ផ្ទះសម្បែង​របស់​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់​កំពុង​រស់នៅ ដែល​ត្រូវ​បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង F-16 និង​ការ​បាញ់​គ្រាប់​ផ្លោង​ប្រភេទ​១៥៥​មី​លី​ម៉ែត្រ​ជា​ច្រើន​គ្រាប់បណ្តាល​ឱ្យ​លំនៅ​ឋាន ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ស៊ី​វិល​ជា​ច្រើន​រង​ការ​បំផ្លិចបំផ្លាញ និង​ខូចខាត​យ៉ាងដំណំ​ ។

ជាមួយ​គ្នា​នេះ កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង​ ៕