កសិករ១គ្រួសារនៅក្នុងស្រុកបសេដ្ឋ ចាប់យករបរកសិកម្មចម្រុះ ទទួលបានផលល្អ និងជួយបង្កើនប្រាក់ចំណូលគ្រួសារ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ការប្រកបរបរកសិកម្មចម្រុះ ដោយរួមបញ្ចូលទាំងការដាំដុះ និងការចិញ្ចឹមសត្វ កំពុងបង្ហាញពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យមានប្រភពចំណូលពហុជម្រើស និងមានស្ថិរភាព។
ជាក់ស្តែង លោក ញៀន ធឹម និងអ្នកស្រី ប៉ុក ហឿន អាយុជាង៥០ឆ្នាំ ទាំងពីរនាក់ប្តីប្រពន្ធ រស់នៅក្នុងភូមិតាដែងថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចាប់យកមុខរបរដាំដុះដំណាំសណ្តែកដី ដើម្បីបង្កើតប្រភពចំណូលទ្រទ្រង់គ្រួសារ។ ក្រៅពីការដាំសណ្តែកដី គ្រួសារគាត់ក៏បានពង្រីកការ ចិញ្ចឹមមាន់យកសាច់ជាច្រើនក្បាល បន្ថែមទៀតផងដែរ។
ថ្លែងប្រាប់ពីបទពិសោធន៍ផ្ទាល់ អ្នកស្រី ប៉ុក ហឿន បានឱ្យដឹងថា ដំណាំសណ្តែកដីជាប្រភេទដំណាំដែលងាយស្រួលដាំដុះ និងងាយថែទាំ មិនតម្រូវឱ្យមានបច្ចេកទេសស្មុគស្មាញច្រើនឡើយ។ អ្វីដែលកាន់តែពិសេសនោះ ផលដែលទទួលបានគឺមានទីផ្សារលក់ចេញគួរសម ដោយបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ ៦០០០រៀល ក្នុង ១គីឡូក្រាម។ ជាមួយគ្នានោះ ការចិញ្ចឹមមាន់យកសាច់បន្ថែមទៀត ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ និងទ្រទ្រង់ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ ដោយក្នុង១គីឡូក្រាម តម្លៃចាប់ពី១៨០០០ទៅ២០០០០រៀល។
លោក យឹមណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា អត្ថប្រយោជន៍ពីការធ្វើកសិកម្មចម្រុះ ដំណាំសណ្តែកដី និងការចិញ្ចឹមមាន់៖
១- ដំណាំសណ្តែកដី៖ ងាយស្រួលដាំ ថែទាំតិច ជួយកែលម្អគុណភាពដី និងមានទីផ្សារល្អ។
២- ការចិញ្ចឹមមាន់យកសាច់៖ បង្កើនប្រាក់ចំណូលបន្ថែម ងាយស្រួលលក់លើទីផ្សារ និងអាចយកលាមកសត្វមកធ្វើជាជីធម្មជាតិសម្រាប់ដំណាំបានទៀតផង។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកសិករដែលមានបំណងចង់ផ្លាស់ប្តូរមុខដំណាំ ឬចង់រៀនសូត្របច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ មកមន្ទីរកសិកម្មខេត្ត ឬក៏អាចចុះទៅសិក្សាស្វែងយល់ផ្ទាល់ជាមួយគ្រួសារលោក ញៀន ធឹម និងអ្នកស្រី ប៉ុក ហឿន នៅភូមិតាដែងថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ។
ទន្ទឹមនឹងនេះ សព្វថ្ងៃគាត់ក៏មានផ្គត់ផ្គង់ទាំង សណ្តែកដី គុណភាពល្អ និង មាន់សាច់ សម្រាប់បងប្អូនដែលបំណងចង់បញ្ជាទិញយកទៅបរិភោគ ឬលក់បន្តផងដែរ ដើម្បីរួមចំណែកគាំទ្រផលិតផលកសិកម្មនៅក្នុងស្រុករបស់យើងផងដែរ៕












ចែករំលែកព័តមាននេះ