ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តបណ្តេញជនជាតិថៃ១៤នាក់ ពាក់ព័ន្ធពាក់ព័ន្ធករណីOnline Scams និងបទល្មើសផ្សេងៗទៀតទៅស្រុកវិញ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ជនជាតិ​ថៃ​១៤​នាក់ ពាក់ព័ន្ធ​ករណី​Online Scams និង​បទល្មើស​ផ្សេង​ៗ​ទៀត​ចេញពី​ប្រទេស​កម្ពុជា ។

ប្រភព​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្ដេញ​ជនជាតិ​ថៃ សរុប​ចំនួន​១៤​នាក់ (​ស្រី​០៣​នាក់​) ចេញពី​ប្រទេស​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម (​ខេត្តកោះកុង​) ។

ការ​បណ្តេញចេញ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា ពួក​គេ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scams លួច​រក្សា​ទុក និង​ប្រើប្រាស់​ដោយនូវ​សារធាតុ​ញៀន​ខុសច្បាប់​, លួច​ស្នាក់​នៅ និង​ធ្វើ​ការងារ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រតិបត្តិការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខុសច្បាប់​នេះ គឺជា​ការ​អនុវត្ត​តាម​បទបញ្ជា និង​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លង​មក​សម្តេច​ធិ​បតី ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ៗ​ថា ៖ «​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬ​ជន​ខុសច្បាប់​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំងធ្វើ​សកម្មភាព​ឆបោក ឬ​ប្រព្រឹត្ត​បទល្មើស​បង្ក​អសន្តិសុខ​ដល់​តំបន់ និង​ពិភពលោក​ឡើយ ។

អាជ្ញាធរ​ត្រូវ​តែ​បន្ត​បោសសម្អាត បង្ក្រាប និង​បណ្ដេញចេញ​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​ការពារ​កិត្តិយស និង​សន្តិសុខ​ជាតិ​» ។ ប្រភព​បាន​លើក​ឡើង​ថា​ផ្អែក​លើ​ស្មារតី​នេះ និង​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​ដោយ​ផ្ទាល់​ពី​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រាវជ្រាវ​បង្ក្រាប​ដល់​មេខ្លោង និង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យ​ទទួល​បាន​សេរីភាព និង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព​៕