ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​៣​ប្រទេស​មក​ទស្សនកិច្ច​ពិនិត្យ​ដែន​ជម្រក​សត្វ​ផ្សោត

4 ថ្ងៃ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​មក​ពី​៣​ប្រទេស​ រួម​មាន ចិន ឡាវ និង​មី​យ៉ា​ន់​ម៉ា ធ្វើ​ទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែង​នៅ​ដែន​ជម្រក​សត្វ​ផ្សោត​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ ។

ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០២៦ ក្រុម​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចិន ឡាវ និង​មី​យ៉ា​ន់​ម៉ា បាន​អញ្ជើញ​ចុះ​ធ្វើ​ទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែង​នៅ​លើ​ផ្ទៃ​ទឹក​នៃ​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ដែល​ជា​ដែន​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​បំផុត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​។

ទស្សនកិច្ច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បញ្ចប់​ដោយ​ជោគជ័យ​នៃ​សិក្ខាសាលា​ថ្នាក់​តំបន់ ស្ដី​ពី «​ការ​កំណត់​អត្តសញ្ញាណ​ជីវសាស្ត្រ​ក្នុង​ទឹក​» តាម​រយៈ​បច្ចេកវិទ្យា​ទំនើប eDNA (Environmental DNA) ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អភិរក្សជីវចម្រុះ និង​ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេមេគង្គ ។

ដំណើរ​ទស្សនកិច្ច​នេះ ដឹកនាំ​ដោយ​លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ការងារ​អភិរក្ស​ធនធាន​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​អគ្គនាយកដ្ឋាន​ជលផល និង​អ្នកជំនាញ​ពាក់ព័ន្ធ ។

ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បង្ហាញ​ពី «​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​» យ៉ាង​ជិត​ស្និទ្ធ​រវាង​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ជំហាន​នៃ​ការ​នាំ​យកបច្ចេកវិទ្យា eDNA មក​អនុវត្ត​ជាក់ស្តែង ដើម្បី​សិក្សា​ស្រាវជ្រាវ ការពារ​ជីវចម្រុះ និង​ថែរក្សា​បរិស្ថាន​អេកូឡូស៊ី​ទន្លេមេគង្គ​ឱ្យ​បាន​គង់វង្ស និង​មាន​ចីរភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕