ប្រទេសឥណ្ឌា ៖ យោងតាមតុល្យការមួយរបស់អាជ្ញាធរចេញផ្សាយ កាលពីថ្ងៃទី៥ សីហា ថា ទឹកជំនន់ និងការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមនុស្សស្លាប់ដល់ជាង១០០នាក់ ហើយនៅឥណ្ឌាចាប់តាំងពីដើមខែកក្កដាមក បង្ខំឲ្យមនុស្សច្រើនពាន់នាក់ជម្លៀសខ្លួនចេញ ។

តាមប្រមុខរដ្ឋាភិបាលនៃរដ្ឋអាសាម ភាគឦសានឥណ្ឌា លោកហ៊ីម៉ាន់តាប៊ីស្វាសាម៉ា ថា មនុស្សយ៉ាងតិច៨៧នាក់ស្លាប់ក្នុងរដ្ឋរបស់លោក ។ រដ្ឋនោះ ស្ថិតក្នុងចំណោមបណ្ដាតំបន់ដែលរងការប៉ះពាល់ខ្លាំងជាងគេ ដោយទឹកជំនន់និងការបាក់ដី ។ ក្នុងតំបន់ស៊ីវ៉ាសាហ្គាតែមួយ មនុស្សយ៉ាងតិច៤៧នាក់ស្លាប់ ហើយតំបន់ជាច្រើនទៀតនៅតែមានទឹកជន់លិច ។ អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាជនឲ្យចូលរួមបរិច្ចាដល់ការជួយសង្គ្រោះ និងដល់ការងារស្ដារឡើងវិញក្រោយទឹកជំនន់ ។

លោកសាម៉ាគូសបញ្ជាក់តាមបណ្ដាញសង្គមXថា ការបំផ្លាញពិតជាធ្ងន់ធ្ងរបំផុតដែលតំបន់ទាំងនោះ មិនធ្លាប់ជួបប្រទះតាំងពីមុនៗមក ។ បណ្ដារូបភាពបង្ហាញពីទឹកជំនន់ និងបណ្ដាអ្នកជួយសង្គ្រោះជួយនាំប្រជាជនមកកាន់ទីខ្ពស់ តាមកាណូតកៅស៊ូ។
នៅរដ្ឋកេរ៉ាឡាភាគខាងត្បូងឥណ្ឌាមានសេចក្ដីរាយការណ៍កាលពីថ្ងៃទី៤ សីហា ពីមនុស្សស្លាប់យ៉ាងតិច១៥នាក់ និងមនុស្ស៧នាក់ទៀតបាត់ខ្លួន។ ក្នុងរដ្ឋនេះ មនុស្សជាង១០.០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះនានានៅក្នុងរដ្ឋនេះ។ ចំណែកភ្លៀងនៅបន្តធ្លាក់ខ្លាំង បណ្ដាលឲ្យមានការបាក់ដីនិងទឹកជន់លិច ។

នៅរដ្ឋចាមូ និងកាស្មៀរទឹកជំនន់ភ្លាមៗ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៣១នាក់។ នៅរដ្ឋប៊ីហានិងរដ្ឋ JHARKHAND ភាគឦសានប្រទេស មនុស្សយ៉ាងតិច២២នាក់ស្លាប់ដោយរន្ទះបាញ់ ចាប់តាំងពីថ្ងៃទី៤សីហាមក។ ក្នុងចំណោមអ្នកស្លាប់ដែលភាគច្រើនជាកសិករ ធ្វើការតាមវាលស្រែ និងអ្នកចិញ្ចឹមសត្វ ក៏មានកុមារ៤នាក់ផងដែរ ៕

ចែករំលែកព័តមាននេះ