ជនសង្ស័យម្នាក់កាប់ដើមកៅស៊ូគេជិត១០០ដើម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ: បើតាមការបញ្ជាក់ពីលោកយ៉េន ស៊ីថា អធិការរងនគរបាលស្រុកមេមត់នៅល្ងាចថ្ងៃទី៥សីហា ឆ្នាំ២០២៦ ថាជនសង្ស័យដែលបានធ្វើសកម្មភាពលួចកាប់បំផ្លាញដើមកៅស៊ូរបស់អ្នកដទៃនៅឃុំរូង ស្រុកមេមត់ ត្រូវបានបំពេញបែបបទបញ្ជូនមកកាន់តំណាងអាយការសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា: នៅថ្ងៃទី០៥សីហា ២០២៦ វេលាម៉ោង៩ព្រឹកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរូង បានទទួលពាក្យបណ្ដឹងពីឈ្មោះ យំ លី ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថាមានករណីធ្វើឱ្យខូចខាតដោយចេតនា(កាប់ដើមកៅស៊ូ)។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី០៤សីហា ២០២៦ វេលាម៉ោង៥ល្ងាច នៅចំណុចចម្ការកៅស៊ូរបស់ យំ លី ភេទប្រុស ស្ថិតនៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថាមានករណីធ្វើឱ្យខូចខាតដោយ ចេតនា(កាប់ដើមកៅស៊ូ) មួយកើតឡើងបង្កឡើងដោយឈ្មោះ ឆេង ពុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ផ្ដើមកៅស៊ូរបស់ជនរងគ្រោះឈ្មោះយំ លី ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អស់ចំនួន៨០ដើមដោយពុំដឹងមូលហេតុ ។
ពេលទទួលបានពាក្យបណ្ដឹងរួចភ្លាម កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកមេមត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរូង បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូត ហៅនាំជនសង្ស័យខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ។
ជនសង្ស័យ ខាងលើ បានសារភាពថាខ្លួន ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិត ប្រាកដមែន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពី លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ