សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាកាសធាតុក្តៅធ្វើឱ្យមនុស្សជាច្រើនមិនអាចគេងលក់ស្រួលដោយគ្មានម៉ាស៊ីនត្រជាក់។ ទោះជាយ៉ាងណា ការប្រើម៉ាស៊ីនត្រជាក់មិនត្រឹមត្រូវ អាចបង្កឱ្យស្បែកស្ងួត បំពង់កស្ងួត គេងមិនស្កប់ ឬធ្វើឱ្យរាងកាយអស់កម្លាំងនៅពេលភ្ញាក់ពីគេង។ ខាងក្រោមនេះគឺជាគន្លឹះ ៥ យ៉ាងដែលអ្នកជំនាញណែនាំ៖
១. កុំកំណត់សីតុណ្ហភាពត្រជាក់ពេក
មនុស្សជាច្រើនចូលចិត្តកំណត់សីតុណ្ហភាពទាបខ្លាំង ប៉ុន្តែសម្រាប់ការគេង សីតុណ្ហភាពប្រហែល ២៥–២៦ អង្សាសេ ត្រូវបានចាត់ទុកថាសមស្របជាង។ វាជួយឱ្យរាងកាយសម្រាកបានល្អ កាត់បន្ថយការឈឺក្បាល ឬអារម្មណ៍ត្រជាក់ខ្លាំងនៅពេលភ្ញាក់ពីគេង។
២. កុំឱ្យខ្យល់ត្រជាក់បក់ចំរាងកាយដោយផ្ទាល់
ការគេងក្រោមខ្យល់ត្រជាក់ដែលបក់ចំខ្លួនពេញមួយយប់ អាចធ្វើឱ្យសាច់ដុំតឹង ឈឺខ្នង បំពង់កស្ងួត ឬងាយមានអាការៈផ្តាសាយ។ គួរកែទិសខ្យល់ឱ្យបក់ទៅជញ្ជាំង ឬពិដាន ដើម្បីឱ្យខ្យល់ត្រជាក់ចែកចាយស្មើៗគ្នា។
៣. ប្រើកង្ហារជួយចែកចាយខ្យល់ត្រជាក់
ការបើកកង្ហារកម្រិតទាបរួមជាមួយម៉ាស៊ីនត្រជាក់ អាចជួយឱ្យខ្យល់ត្រជាក់សាយភាយបានល្អទូទាំងបន្ទប់។ វាក៏អាចជួយឱ្យអ្នកមិនចាំបាច់បន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់ទាបពេក ដែលជួយកាត់បន្ថយការប្រើប្រាស់ថាមពលផងដែរ។
៤. ពិចារណាជ្រើសរើសម៉ាស៊ីនត្រជាក់ប្រព័ន្ធ Inverter
ប្រសិនបើអ្នកមានគម្រោងទិញម៉ាស៊ីនត្រជាក់ថ្មី ម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា Inverter អាចជាជម្រើសល្អ ព្រោះវាជួយរក្សាសីតុណ្ហភាពឱ្យមានស្ថិរភាព ដំណើរការស្ងាត់ និងមានប្រសិទ្ធភាពក្នុងការសន្សំថាមពលជាងម៉ាស៊ីនធម្មតា។
៥. ប្រើមុខងារ Sleep និង Timer
មុខងារ Sleep អាចកែសម្រួលសីតុណ្ហភាពឱ្យកើនឡើងបន្តិចម្តងៗ នៅពេលរាងកាយចូលដំណាក់កាលគេងជ្រៅ ដើម្បីកុំឱ្យត្រជាក់ពេក។ ចំណែក Timer អាចកំណត់ពេលបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ជួយបន្ថយការប្រើប្រាស់អគ្គិសនី និងធ្វើឱ្យការគេងកាន់តែមានផាសុកភាព។
ក្រៅពីនេះ អ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់មុនចូលគេង និងលាបក្រែមផ្តល់សំណើមដល់ស្បែក ប្រសិនបើអ្នកស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ជាញឹកញាប់ ដើម្បីកាត់បន្ថយបញ្ហាស្បែកស្ងួត៕
ចែករំលែកព័តមាននេះ