រថយន្តចតចោល១គ្រឿង ត្រូវអគ្គិភ័យឆាបឆេះ លើផ្លូវជាតិលេខ៤
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ រថយន្ដCAMARYមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ទាំងយប់ មិនទាន់ដឹងមូលហេតុច្បាស់លាស់ ។
ហេតុការណ៍រថយន្តកាមរីឆេះសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង២និង២០នាទីទាបភ្លឺឈានចូលថៃ្ងទី៥ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦២-ទៅលេខ៦៣ ស្ថិតនៅក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា ពេលកំពុងកើតហេតុ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចេញអន្ដរាគមន៍ ករណីអគ្គិភ័យឆេះរថយន្ដមួយគ្រឿង ដោយយករថយន្តពន្លត់ អគ្គីភ័យស្រុកធ្វើការបាញ់ពន្លត់ផងដែរ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថា ករណីរថយន្ត១គ្រឿងដែលឆាបឆេះទាំងយប់នោះ ម៉ាក TOYOTA CAMARY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2H-3572 ពេលកេីតហេតុអគ្គិភ័យឆាបឆេះនោះ អ្នកបើកបររថយន្ត និងម្ចាស់រថយន្ដ មិននៅកន្លែងកើតហេតុនោះទេ ( មិនស្គាល់អត្តសញ្ញាណ) ដោយរថយន្ដបានចតនៅខាងត្បូងផ្លូវជាតិលេខ៤(ទុកចោល )។
លោកអធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ទៀតថា ហេតុការណ៍នេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់អ្វីដល់អ្នកដទៃឡេីយ ប៉ុន្តែរថយន្ដខាងលើបានឆេះអស់ទាំងស្រុង ចំពោះមូលហេតុជំនាញកំពុងស្រាវជ្រាវបន្តទៀត ៕






ចែករំលែកព័តមាននេះ