ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានប្រើប្រាស់ប្រាក់យន់ឌីជីថល ដើម្បីទូទាត់ថ្លៃនាំចូលផ្លែទុរេនពីប្រទេសម៉ាឡេស៊ី ចំនួន ៤៣ ០០០ យន់ ឬ ៦ ៣៦០ ដុល្លារអាមេរិក ដែលនេះជាការកត់សម្គាល់នូវការទូទាត់ឆ្លងដែនទៅក្រៅប្រទេសជាលើកដំបូងបង្អស់របស់ខ្លួន ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC)។
បើតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីដើមខែសីហានេះ បានឱ្យដឹងថា ការទូទាត់នេះ ត្រូវបានដំណើរការដោយធនាគារសំណង់ចិន (China Construction Bank) សាខាទីក្រុងសៀមិន (Xiamen) ខេត្តហ្វូជៀន (Fujian) សហការជាមួយសាខារបស់ខ្លួននៅតំបន់ឡាប៊ួន (Labuan) ប្រទេសម៉ាឡេស៊ី ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលមួយរបស់ចិន អាចទូទាត់ប្រាក់ដោយផ្ទាល់ជាប្រាក់យន់ឌីជីថល (e-CNY) សម្រាប់ទិញទុរេនស្រស់ៗពីម៉ាឡេស៊ី។ នេះក៏ជាការទូទាត់ទ្វេភាគីដោយប្រើប្រាក់យន់ឌីជីថល បន្ទាប់ពីការសាកល្បងសម្រាប់ការទូទាត់ចូលក្នុងស្រុក ត្រូវបានធ្វើឡើងកាលពីខែមករាកន្លងទៅ។
តាមរយៈរបត់ដ៏សំខាន់នេះ អាចជួយពន្លឿនការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មងាយខូចគុណភាព ដូចជាផ្លែទុរេនជាដើម ដែលដំណើរការទូទាត់ឆ្លងដែនមានភាពយឺតយ៉ាវកន្លងមក ធ្វើឱ្យកើនឡើងនូវការចំណាយ និងកាត់បន្ថយភាពស្រស់របស់ផ្លែឈើ។
តាមទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា កន្លងមក ការទូទាត់ឆ្លងដែនតាមរយៈបណ្តាញធនាគារ Swift (អន្តរធនាគារ) ជាទូទៅត្រូវចំណាយពី ២៥ ទៅ ៣៥ ដុល្លារក្នុងប្រតិបត្តិការ១លើក ត្រូវជាប់កម្រៃសេវាជម្រះបញ្ជីប្រតិបត្តិការលើសពី ៦% និងចំណាយពេលពី ១ ទៅ ៣ ថ្ងៃ ដើម្បីបញ្ចប់ដំណើរការទូទាត់។
ប៉ុន្តែផ្ទុយទៅវិញ ការទូទាត់ប្រាក់ប្រាក់យន់ឌីជីថលថ្មីនេះ ជួយកាត់បន្ថយពេលទូទាត់មកត្រឹមតែប្រហែល ៣០ នាទី តាមរយៈការផ្ទេរប្រាក់ផ្ទាល់ពីសៀវភៅគណនីធនាគារ១ទៅធនាគារ១ទៀត ដោយលុបបំបាត់ធនាគារកណ្តាលដែលជាអ្នកសម្របសម្រួល។ លើសពីនេះទៀត អ្នកទទួលប្រាក់ម៉ាឡេស៊ីក៏អាចប្តូរប្រាក់យន់ឌីជីថលទៅជាប្រាក់រីងហ្គីតបានភ្លាមៗ ដោយមិនចាំបាច់បង់ថ្លៃសេវាបន្ថែមនោះទេ។
ការទូទាត់នេះធ្វើឡើង ខណៈពេលដែលប្រទេសម៉ាឡេស៊ីកំពុងតែស្វែងរកការបង្កើនការនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំបំផុតលើពិភពលោកសម្រាប់ទុរេន ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា «ស្តេចផ្លែឈើ»។
ប្រទេសចិនបាននាំចូលទុរេនក្នុងតម្លៃបំបែកកំណត់ត្រាចំនួន ៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលកើនឡើង៣ដងធៀបនឹងតម្លៃដែលបានកត់ត្រាក្នុងឆ្នាំ ២០២០ ហើយបច្ចុប្បន្ន ជាង ៩០% នៃការនាំចេញផ្លែទុរេនទូទាំងពិភពលោក ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារចិន៕ ប្រភព ៖ VnExpress



ចែករំលែកព័តមាននេះ