សហរដ្ឋអាមេរិក ៖ បុរសប្រដាប់អាវុធម្នាក់បានត្រូវចាប់ខ្លួននៅកន្លែងលេងកូនគោលមួយរបស់លោកដូណាល់ត្រាំ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ការចាប់ខ្លួនបុរសប្រដាប់អាវុធនេះ កើតមាន២ថ្ងៃមុន ពេលលោកត្រាំមកកាន់ទីនោះ។

មានសំណួរសួរថា តើប្រធានាធិបតីអាមេរិកអាចគេចផុតពីការលួចធ្វើឃាតដែរទេ? សំណួរនោះ ត្រូវបានលើកពេលបុរសប្រដាប់អាវុធនោះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២ សីហា កន្លងទៅ នៅកន្លែងវាយកូនគោលជារបស់លោកត្រាំ មុនពេលលោកទៅកាន់ទីនោះនាយប់ថ្ងៃទី៤ សីហា។ នេះបើតាមការអះអាងរបស់ប៉ូលិសក្រុងឡូសអេនចឺឡេស ។
បុរសនោះ ត្រូវបានគេសង្ស័យ ព្រោះឃើញកំពុងដើរនៅទីលានវាយកូនគោលនោះ ហើយថតយកបណ្ដារូបភាព និងដូចជាកំពុងធ្វើសកម្មភាពទាក់ទិននឹងផែនការសន្តិសុខ ។ បុរសនោះ ត្រូវចាប់ខ្លួនកាលពីរសៀលថ្ងៃទី២ សីហា នៅទីលានវាយកូនគោល ស្ថិតនៅ RANCHOS PALOS VERDES ជិតក្រុងឡូសអេចឺឡេស រដ្ឋកាលីហ្វ័រនីញ៉ា ។ លោកត្រាំ ត្រូវទៅកាន់ទីនោះនាយប់ថ្ងៃទី៤ សីហា ចូលរួមក្នុងពិធីជប់លៀងមួយរៀបចំដោយគណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋ ដើម្បីប្រមូលមូលនិធិ ។
ជនសង្ស័យមានឈ្មោះថា JEANINE JOHN TAELE ដោយក្នុងហោប៉ោខោរបស់គេមានបង់កាំភើ្លងមួយដាក់គ្រាប់១៦គ្រាប់។ ពេលឆែករថយន្តរបស់បុរសវ័យ៣៨ឆ្នាំរូបនោះ ប៉ូលិសរកឃើញកាំភ្លើងខ្លីមួយដើម និងបង់កាំភ្លើងមួយដែលច្រកគ្រាប់រួចរាល់។ បន្ទាប់មកទៀត ប៉ូលិសនិងភ្នាក់់ងារប្រឆាំងភេរវកម្មរបស់ FBI បានលើកទៅឆែកផ្ទះបុរសនោះនៅ DOWNEY ជាយក្រុងឡូសអេនចឺឡេស ។
នៅទីនោះគេរកឃើញកាំភ្លើងវាយលុក១ដើម និងកាំភ្លើងខ្លីមួយដើម អាវការពារគ្រាប់មួយ និងបង់កាំភ្លើងអាចដាក់គ្រាប់បានច្រើន និងប្រទះឃើញគ្រាប់កាំភ្លើង វិទ្យុទាក់ទង២ និងសៀវភៅកត់ត្រាជាច្រើន មានសរសេរសេចក្ដីថ្លែងការណ៍ដែលគួរឲ្យព្រួយបារម្ភ។
ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីចុងក្រោយមក លោកត្រាំជួបប្រទះការប៉ុនប៉ងធ្វើឃាតច្រើនលើក។ កាលពីខែកក្កដា ឆ្នាំ២០២៤ លោករងរបួសស្លឹកត្រចៀក ដោយការបាញ់របស់ខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់ប្រហារពីលើដំបូលមួយពេលលោកចូលរួមក្នុងមិទ្ទិញឃោសនាបោះឆ្នោតនៅរដ្ឋផេនស៊ីលវេនៀ ។
ខែកញ្ញាឆ្នាំដដែលនោះ បុរសប្រដាប់អាវុធម្នាក់ត្រូវចាប់ខ្លួន នៅច្រកចូលក្លិបវាយកូនគោលរបស់លោកនៅ WEST PALM BEACH រដ្ឋផ្លរីដាពេលលោកត្រាំ កំពុងវាយកូនគោល ។ រួចនាខែមេសាកន្លងទៅ ប្រធានាធិបតីត្រូវបាននាំជម្លៀសចេញភ្លាមៗពីពិធីជប់លៀងមួយនៅក្រុងវ៉ាស៊ីនតោន ពេលបុរសប្រដាប់អាវុធម្នាក់ ប៉ុនប៉ងចូលមកក្នុងបន្ទប់ជប់លៀង ហើយការបាញ់ប្រហារមួយបានផ្ទុះឡើង ៕

ចែករំលែកព័តមាននេះ