ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ឯក​ភាព​មីស៊ីល​ទៅ​រុស្ស៊ី​ហើយ​ដើម្បី​ត្រៀ​ម​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​នៅ​រដូវ​កាល​ថ្មី

1 អាទិត្យ មុន

ទី​ក្រុងព្យុង​យ៉ាង៖ កង​ឯក​ភាព​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​ចុះ​ទៅ​ឈរ​ជើង​នៅ​ប្រទេស​រុស្ស៊ី​ភាគ​ខាង​លិច​​ជា​បណ្ដើរ​ៗ​ហើយ​​ ហើយ​អាច​នឹង​បំពាក់​មីស៊ីល​ផ្លោង​១២០​គ្រាប់​​ និង​ជើង​ទម្រ​បាញ់​មីស៊ីល​៦​គ្រឿង​ដើម្បី​ត្រៀម​វាយ​ប្រហារ​​អ៊ុយ​ក្រែន​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​យោធា​​អ៊ុយ​ក្រែន​។ ​ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែល​អ៊ុយ​ក្រែន​កំពុង​ខ្វះ​ខាត​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​​ស្រាប់​ផង​។ ដូច្នេះ រុស្ស៊ី​ឆ្លៀត​ឱកាស​នេះ​សម្រុក​វាយ​ប្រហារ​ដោយ​មីស៊ីល​ដែល​ពិបាក​ក្នុង​ការ​បាញ់​ទម្លាក់​។ ​តាម​ពិត ​​រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​មីស៊ីល​របស់កូរ៉េ​ខាង​ជើង​តាំង​ពី​ចុង​ឆ្នាំ​២០២៣​មក​ម៉្លេះ។ ប៉ុន្តែ​ការ​ដាក់​ពង្រាយ​កង​ឯក​ភាព​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​កាន់​តែ​ស៊ី​ជម្រៅ​។

អគ្គ​នាយក​អង្គ​ភាព​ចារកម្ម​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី ឆឺន​ញ៉ាក់ (Andrii Cherniak) ថ្លែង​ថា​រុស្ស៊ី​មាន​ផែន​ការ​ដាក់​ពង្រាយ​កង​ឯក​ភាព​មីស៊ីល​កូរ៉េ​ខាង​ជើង​ដែល​មាន​គ្នា​៩០​នាក់​នៅ​តំបន់​វ៉ូរ៉ូនេស​ដើម្បី​ចូល​រួម​ប្រតិ​បត្តិ​ការ​ជា​មួយ​កង​វរសេនា​ធំ​មីស៊ីល​​ទី​១១២​របស់​រុស្ស៊ី​។ ​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​មីស៊ីល​ម៉ាក​ 40 KN-23 និង​ KN-24  រួម​ទាំង​ទាហាន​មួយ​ចំនួន​ទៅ​រុស្ស៊ី​។ ប៉ុន្តែ​បើ​ចង់​ដឹង​ថា​ចំនួន​ទាហាន​ដែល​បញ្ជូន​ទៅ​ប៉ុន្មាន និង​មីស៊ីល​មាន​ចំនួន​ប៉ុន្មាន​លុះ​ត្រា​រង់​ការ​បូក​សរុប​តួ​លេខ​នៅ​ក្នុង​​​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ទើប​ដឹង​អស់​សេចក្ដី​។ រុស្ស៊ី​រំពឹង​ថា​នឹង​ដាក់​ពង្រាយ​មីស៊ីល​កូរ៉េ​ខាង​ជើង​១២០​គ្រាប់​ និង​ជើង​ទម្រ​៦​គ្រឿង​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​កង​ឯក​ភាព​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នឹង​ដើរ​តួ​​នាទី​កម្រិត​ណា​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​បាញ់​មីស៊ីល​។

ការ​ដាក់​ពង្រាយ​កង​ឯក​ភាព​ទាំង​នេះតាម​ការ​អះ​អាង​របស់​លោក​ឆឺន​ញ៉ាក់​​ហាក់​ដូច​ជា​គាប់ជួន​នឹង​ករណី​ដែល​រុស្ស៊ី​បាញ់​មីស៊ីល​កូរ៉េ​ខាង​ជើង​២​គ្រាប់​ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់​ពី​អាក់​ខាន​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២៥​​។ លោក​រ៉ប់​លី (Rob Lee) ជា​អ្នក​វិភាគ​ប្រចាំ​រដ្ឋ​ហ្វ៊ីឡា​ដែល​ហ្វ្យា​។ លោក​ថ្លែង​ថា​ប្រភព​ធន​ធាន​ដែល​បញ្ជូន​ពី​កូរ៉េ​ខាង​ជើង​គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​សម្រាប់​អ៊ុយ​ក្រែន​។ ការ​ខ្វះ​ខាត​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​ផ្លោង​គឺ​ជា​ចំណុច​ខ្សោយ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អ៊ុយ​ក្រែន​ស្រាប់​ទៅ​ហើយ​​។ ហេតុ​នេះ នៅ​ពេល​រុស្ស៊ី​មាន​មីស៊ីល​វាយ​ប្រហារ​កាន់​តែ​ច្រើន​ដូច្នេះ​ វា​កាន់​តែ​បង្ក​បញ្ហា​សម្រាប់​អ៊ុយ​ក្រែន​ថែម​មួយ​កម្រិត​ទៀត​។ អ្វី​ដែល​ជា​ក្ដី​បារម្ភ​ដ៏​ធំ​សម្រាប់​អ៊ុយ​ក្រែន​គឺ​ការ​ខ្វះ​ខាត​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​នៅ​រដូវ​រងា​ឆ្នាំ​នេះ​។ នៅ​អំឡុង​ពេល​នោះ រុស្ស៊ី​ច្រើន​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាម​ពល​របស់​អ៊ុយ​​ក្រែន​។

ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះឡើង​ដំបូង កូរ៉េ​ខាង​ជើង​ក្លាយ​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​រុស្ស៊ី​ ហើយ​ប្រទេស​ទាំង​២​បាន​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​ការ​ពារ​គ្នា​ទៅវិញ​ទៅ​មក​កាល​ពី​ឆ្នាំ​២០២៤។ កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ទៅ​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់​កាំ​ភ្លើង​ធំ​រាប់​លាន​គ្រាប់​ និង​បញ្ជូន​កង​ទ័​​ព​១៤០០០​នាក់​ទៅ​ជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស​ដើម្បីបណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ចេញ​ពី​ទី​នោះ​។ កាល​ពី​សប្ដាហ៍​មុន អាជ្ញា​ធរ​អ៊ុយ​ក្រែន​ថ្លែង​ថា​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​វាយ​ប្រហារ​ខ្ទេច​ដូច​បង្អួល​នូវ​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​រ៉ា​ឌូស​ស្នេ (Radushne) ស្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​ជា​សមាជិក​គ្រួសារ​តែ​មួយ​។ គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ថ្វី​ដ្បិត​មាន​ទំហំ​ធំ​ជាង​រុស្ស៊ី ប៉ុន្តែ​បាញ់​មិន​សូវ​ចំ​គោល​ដៅ​ល្អ​ប៉ុន្មាន​ទេ​៕ ប្រភព៖ Reuters​