យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC News គ្រូពេទ្យវះកាត់ម្នាក់ត្រូវបានដកហូតឈ្មោះចេញពីបញ្ជីឈ្មោះគ្រូពេទ្យផ្លូវការ បន្ទាប់ពីគាត់បានធ្វើអន្តរាគមន៍វះកាត់ខុសបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត Yasser Adly Abdel Rahman ជាគ្រូពេទ្យវះកាត់ផ្នែក NHS ជនជាតិអេហ្ស៊ីប បានធ្វើការវះកាត់ពោះវៀនបន្ទាន់មួយលើបុរសវ័យក្មេងម្នាក់ ប៉ុន្តែបានបង្កជាកំហុសឆ្គងដ៏គ្រោះថ្នាក់ ។
សាលាក្តីវេជ្ជសាស្ត្រ (MPTS) ប្រជុំនៅទីក្រុង Manchester បានរកឃើញថា កំហុសនោះ បានធ្វើឱ្យកាកសំណល់ក្នុងពោះវៀនរបស់អ្នកជំងឺ ត្រូវហូរត្រឡប់ចូលក្នុងក្រពះរបស់គាត់វិញ តាមរយៈប្រព័ន្ធចរន្តបិទជិតមួយ។
ករណីនេះបានបន្សល់ទុកឱ្យអ្នកជំងឺរងនូវ «ការឈឺចាប់ដែលមិនអាចទ្រាំទ្របាន» និងស្ទើរតែបាត់បង់ជីវិតទៅហើយ ប្រសិនបើគ្មានវត្តមានគ្រូពេទ្យវះកាត់ម្នាក់ទៀត ដែលបានជួយវះកាត់សង្គ្រោះ និងកែកំហុសទាន់ពេលវេលានោះទេ ។
ទោះបីជាមានការព្រួយបារម្ភពីសំណាក់ឪពុកម្តាយរបស់អ្នកជំងឺ និងក្រុមគ្រូពេទ្យដទៃទៀតក៏ដោយ ក៏លោកវេជ្ជបណ្ឌិត Rahman នៅតែមិនដឹងខ្លួនថា គាត់បានធ្វើខុសនោះឡើយ ។

ចែករំលែកព័តមាននេះ