ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុនជំរុញនិស្សិតកម្ពុជាទទួលអាហារូបករណ៍ JDS ឱ្យក្លាយជាមូលធនមនុស្ស​និងរួមចំណែកអភិវឌ្ឍប្រទេស​

1 អាទិត្យ មុន

​(រាជធានីភ្នំពេញ)​៖ លោក ណាហ្គាសិ កេនស៊ូកិ ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យនិស្សិតទទួលអាហារូបករណ៍នៃគម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ​ទាំង២៤រូប ខិតខំក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធពីប្រទេសជប៉ុន ដើម្បីវិលត្រឡប់មករួមចំណែកអភិវឌ្ឍប្រទេស និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។

ការលើកឡើងនេះរបស់ លោក ណាហ្គាសិ កេនស៊ូកិ ក្នុងពិធីជូនដំណើរនិស្សិតទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៦ និងថ្នាក់បណ្ឌិតជំនាន់ទី៩ មុនពេលចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ននិងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ណាហ្គាសិ កេនស៊ូកិ បានអបអរសាទរនិស្សិតទទួលអាហារូបករណ៍ទាំង២៤រូប ក្នុងនោះមាននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២២រូប និងថ្នាក់បណ្ឌិតចំនួន២រូប ដោយបញ្ជាក់ថា កម្មវិធី JDS មានគោលបំណងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការកម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយគុណវុឌ្ឍិ និងជំនាញកម្រិតខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស។

ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យនិស្សិតទទួលអាហារូបករណ៍ប្រើប្រាស់ឱកាសនៅប្រទេសជប៉ុនឱ្យបានពេញលេញ ទាំងការសិក្សា ការឈ្វេងយល់ពីវប្បធម៌ និងការបង្កើតមិត្តភាពជាមួយប្រជាជនជប៉ុន ដោយលោកជឿជាក់ថា បទពិសោធ និងចំណងមិត្តភាពទាំងនេះ នឹងជួយពង្រីកទស្សនវិស័យ និងក្លាយជាមូលដ្ឋានសម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត។

លោក ណាហ្គាសិ កេនស៊ូកិ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រការអនុវត្តកម្មវិធី JDS ជាបន្តបន្ទាប់ និងសង្ឃឹមថា កម្មវិធីនេះនឹងបន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងការយល់ដឹង និងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ខណៈដែលលោកក៏បានជូនពរដល់និស្សិតទទួលអាហារូបករណ៍ទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងវិលត្រឡប់មកបម្រើការអភិវឌ្ឍប្រទេសជាតិ៕