ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​ត្រូវ​សហ​ភាព​អឺរ៉ុប​រិះ​គន់​ខ្លាំង​ៗ​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​អ្នក​ចំណាក​ស្រុក​ពី​ទី​ក្រុង​សេអ៊ូតា​

6 ថ្ងៃ មុន

ទី​ក្រុង​ម៉ាឌ្រីត៖ នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​ក្រុម​អ្នក​រិះ​គន់​លោក​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​បញ្ចូន​ត្រឡប់​ទៅ​វិញ​នូវ​ជន​ចំណាក​ស្រុក​រាប់​ម៉ឺន​នាក់​ដែល​ហែល​ឆ្លង​ទឹក​សមុទ្រ​ពី​ប្រទេស​ម៉ារ៉ុក​ចូល​ទី​ក្រុង​សេអ៊ូតា​របស់​អេស្ប៉ាញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ ថ្នាក់​ដឹក​នាំ​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​មាន​បាតុ​ភូត​មិន​ប្រក្រតី​ដែល​អ្នក​ចំណាក​ស្រុក​សម្រុក​ឆ្លង​កាត់​ព្រំ​ដែន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ​ករណី​មនុស្ស​ធ្វើ​​​ដំណើរ​​សរុប​៧,២​ម៉ឺន​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នោះ​​នាំ​ឱ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​នៅ​ទី​ក្រុង​សេ​អ៊ូតា ហើយ​ធ្វើ​ឱ្យ​អឺរ៉ុប​ចាប់​ផ្ដើម​ជជែក​ដេញ​ដោល​គ្នា​ជា​ថ្មី​អំពី​បញ្ហា​ចំណាក​ស្រុក​។ ពួក​គេ​ស្លាប់​អស់​ជាង​៨០​នាក់​ដោយ​សារ​ការ​លង់​ទឹក​ និង​ការ​ប្រជ្រៀត​គ្នា​។​

លិខិត​ចំហ​របស់​ថ្នាក់​ដឹក​នាំសហ​ភាព​អឺរ៉ុប​ទាំង​២២​ប្រទេស​ និង​ការ​ចាប់​បញ្ជូន​អ្នក​ចំណាក​ស្រុក​ត្រឡប់​ទៅ​វិញ​បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ក្ដៅ​គគុក​ប្រឆាំង​នឹង​មេ​ដឹក​នាំ​អេស្ប៉ាញ លោក​សាន់​ឆេស​។ លោក​តែង​តែ​ប្រឆាំង​ជំទាស់​នឹង​នយោ​បាយ​អន្តោ​ប្រវេសន៍​របស់​អឺរ៉ុប ហើយ​ក៏​ប្រឆាំង​នឹង​ខ្ទង់​ចំណាយ​របស់​អឺរ៉ុប​នៅ​ក្នុង​អង្គ​ការ​ណាតូ ប្រឆាំង​នឹង​សង្គ្រាម​នៅ​ហ្កា​ហ្សា​ និង​អ៊ីស្រា​អែល​ផង​ដែរ​។ រដ្ឋាភិបាល​របស់​លោក​សាន់​ឆេស​ចាត់​ទុក​ការ​និយាយ​វាយ​ប្រហារ​គោល​នយោ​បាយ​របស់​លោក​ជា​រឿង​នយោ​បាយ​។ លោក​ថា​អ្នក​ចំណាក​ស្រុក​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​បញ្ចូន​ត្រឡប់​ទៅ​វិញ​មិន​យុរ​ប៉ុន្មាន​បន្ទាប់​ពី​ពួក​គេ​​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​សេ​អ៊ូតា​ក្រោម​កិច្ច​សហ​ការ​ពី​អាជ្ញា​ធរ​ម៉ារ៉ុក​។​

ទោះ​បី​កិច្ច​ប្រជុំ​របស់​សហ​ភាព​អឺរ៉ុប​នៅ​ថ្ងៃ​នេះ​ចេញ​លទ្ធ​ផល​បែប​ណា​ក្ដី អឺរ៉ុប​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​ប្រេះ​ឆា​គ្នា​យ៉ាង​ខ្លាំង​ចំ​ពេល​ដែល​ប្លុក​មួយ​នេះ​​ប្រឈម​នឹង​​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​ពី​រុស្ស៊ី​, បញ្ហា​អស្ថិរ​ភាព​នៅ​វ៉ាស៊ីន​តោន​ និង​ភាព​តាន​តឹង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចិន​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​លោក​ស្រី​អាលីសៀ​ ហ្កា​សៀ​ ហេរ៉េរ៉ូ (Alicia García-Herrero) ជា​ប្រធាន​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​ប្រចាំ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិច និង​មជ្ឈិម​បូព៌ា​ប្រចាំ​ក្រុមហ៊ុន​វិភាគ​ហិរញ្ញ​វត្ថុ​ Natixis។ លោក​ស្រី​យល់​ថា​អឺរ៉ុប​កំពុង​បង្ហាញ​ចំណុច​ខ្សោយ​របស់​ខ្លួន​ហើយ​។ នេះ​ជា​ចំណុច​ខ្សោយ​ដ៏​ធំ​មួយ​។ លោក​សាន់​ឆេស​ការ​ពារ​សេចក្ដី​សម្រេច​របស់​តុលាការ​ ទោះ​បី​ការ​សម្រេច​នេះ​រង​ការ​រិះ​គន់​ពី​សំណាក់​ប្រទេស​ម៉ារ៉ុក និង​សហ​ភាព​អឺរ៉ុប​យ៉ាង​ណា​ក្ដី​។ អឺរ៉ុប​រិះ​គន់​លោក​សាន់​ឆេស​ឥត​សំចៃ​មាត់​បន្ទាប់​ពី​វីឌីអូ​ឃ្លីប​បង្ហាញ​អំពី​អ្នក​ចំណាក​ស្រុក​សម្រុក​ឡើង​គោក​នៅ​ទី​ក្រុង​សេអ៊ូតា​។ ថ្នាក់​ដឹក​នាំអឺរ៉ុប​ភាគ​ច្រើន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​គោល​នយោបាយ​របស់​លោក​ និង​ប្រកូក​ប្រកាស​ឱ្យ​មាន​វិធាន​ការ​ថ្មី​សម្រាប់​​ពិនិត្យ​មើល​ស្ថាន​ការណ៍​នៅ​តាម​ព្រំ​ដែន​គោក​ អាកាស​ និង​សមុទ្រ​។

នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​បាន​​រិះ​គន់​​លោក​សាន់​ឆេស​ចំ​ៗ​ និង​ប្រកាស​ថា​អ៊ីតាលី​នឹង​ពង្រឹង​ព្រំ​ដែន​អាកាស​ និង​សមុទ្រ​ដែល​ជាប់​នឹង​អេស្ប៉ាញ​។ ប៉ុន្តែ​​គេ​គិត​ថា​អ៊ីតាលី​នឹង​មិន​មាន​ហានិ​ភ័យ​ទេ​ដោយ​សារ​ទី​ក្រុង​សេអ៊ូតា​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​​​ អាច​និយាយ​បាន​ថា​ឱកាស​មាន​តិច​តួច​ជា​ទី​បំផុត​ដែល​ថា​មនុស្ស​នឹង​ឆ្លង​ចូល​ទឹក​ដី​អេស្ប៉ាញ​ ហើយ​បន្ត​ដំណើរ​ចូល​ទឹក​ដី​អ៊ីតាលី​។ ខាង​លើ​នេះ​ជា​ការ​យល់​ឃើញ​របស់​លោក​ម៉ាតេអូ វីឡា (Matteo Villa) ដែល​សង្កេត​ឃើញថា​មាន​តែ​អ្នក​ចំណាក​ស្រុក​២%​ប៉ុណ្ណោះ​​ហូរ​ចូល​ប្រទេស​​អ៊ីតាលី។ លោក​ណាន់​ដូ ស៊ី​ហ្គោ​ណា (Nando Sigona) ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​បឺមីង​ហេម​។ លោក​ថ្លែង​ថា​នាយក​​រដ្ឋ​មន្ត្រី​អ៊ីតាលី​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​លោក​សាន់​ឆេស​ដែល​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​សម្រាប់​អ្នក​រស់​នៅ​លើ​ទឹក​ដី​អេស្ប៉ាញ​មួយ​លាន​នាក់​។ លោក​ស្រី​ចង់​បង្ហាញ​ថា​​​វិធាន​ការ​នេះ​នឹង​បរាជ័យ​៕​ ប្រភព៖ AP​