ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​ចុះ​សង្កេតការណ៍​នៅ​ច្រក​បឹង​ត្រកួន! ប្រជាពលរដ្ឋ​ខ្មែរ​ជិត​៩​ពាន់​នាក់ មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ដោយសារ​កងទ័ព​ថៃ​បន្តកាន់កាប់​ដោយ​ខុសច្បាប់

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​អង្គារ ទី​៤ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិត​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។

សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ស៊ី​វិល​នៅ​តំបន់​បឹង​ត្រកួន​ចំនួន ១,៨៧០​គ្រួសារ ស្មើនឹង ៨,៧៩០​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ១,៩៨០​នាក់ ដែល​កំពុង​ភៀស​សឹក ហើយ​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​វិញ​បាន​នៅឡើយ ដោយសារ​ការ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ នៅ​ទីតាំង​ខាងលើ តាម​រយៈ​ការ​រាយ​បន្លា​លួស ដាក់​ពង្រាយ​ទូ​កុងតឺន័រ រួម​ទាំង​ផ្ទះសម្បែង​របស់​ពួក​គាត់​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ផង​ដែរ ។

ការ​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ធ្វើ​របាយការណ៍​នៅ​ទីតាំង​ខាងលើ​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត​ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខណ្ឌសីមា ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បួន នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស ។

កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ពិធីសារ​កំណត់ព្រំដែន ផែនទី​ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម កំណត់ហេតុ​កិច្ចប្រជុំ និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម MOU ឆ្នាំ​២០០០ TOR ឆ្នាំ​២០០៣ ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ ក្នុង​ន័យ​នេះ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង និង​ការ​កាន់កាប់​ភ្ជាប់​ទឹកដី​ដោយ​ខុសច្បាប់​តាម​រយៈ​ការ​បង្កើត​អង្គហេតុ​សម្រេច​លើ​ទីតាំង​ជាក់ស្តែង (fait accompli) នោះ​ឡើយ និង​បន្ត​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ទៅ​កាន់​ភាគី​ថៃ​នូវ​រាល់​សកម្មភាព​ជា​ឯកតោភាគី សកម្មភាព​រំលោភ​បំពាន​ណាមួយ​របស់​ភាគី​ថៃ​មក​លើ​បូរណភាព​ទឹកដី​ស្របច្បាប់​របស់​កម្ពុជា ៕