ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​បា.ញ់​កប៉ាល់​ដឹក​ទំនិញ​នៅ​ច្រក​ហ័រម៉ូស​ទៀត​ហើយ​ ខណៈ​ដែល​អាមេរិក និង​អ៊ីរ៉ង់​និយាយ​ផ្ទុយ​គ្នា​អំពី​ការ​ចរ​ចា

6 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ទី​ភ្នាក់​ងារ​របស់​អង់​គ្លេស​ទទួល​បន្ទុក​ខាង​ឃ្លាំ​មើល​សភាព​ការណ៍​នៅ​លំហ​សមុទ្រ​ថ្លែង​ថា​ថ្ងៃ​នេះ កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​រង​ការ​បាញ់​ប្រហារ​ដោយ​មីស៊ីល​មួយ​គ្រាប់​នៅ​លើ​ដែន​សមុទ្រ​ប្រទេស​អូម៉ង់​ និង​​ស្ថិត​នៅ​លើ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែល​អាមេរិក និង​អ៊ីរ៉ង់​ធ្វើ​អត្ថា​ធិប្បាយ​ផ្ទុយ​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ចរ​ចា​​។ លោក​ដូណាល់​ត្រាំ​មាន​ប្រសាសន៍​ថា​ភាគី​ទាំង​២​ចាប់​ផ្ដើម​បើក​ការ​ចរ​ចា​គ្នា​ឡើង​វិញ​ហើយ​ដើម្បី​ដោះ​ស្រាយ​​ជម្លោះ​។ ផ្ទុយ​ទៅ​វិញ​ អ៊ីរ៉ង់​នៅ​តែ​និយាយ​យ៉ាង​ទទូច​ថា​គ្មាន​​ការ​ចរ​ចា​គ្នា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ទេ​។ អ៊ីរ៉ង់​ថា​ខ្លួន​ចរ​ចា​គ្នា​តែ​ជា​មួយ​ប្រទេស​អូម៉ង់​ប៉ុណ្ណោះ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​គ្រប់​គ្រង​ច្រក​សមុទ្រ​ហ័រម៉ូស​។

កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​ដែល​គេ​​មិន​ស្គាល់​អត្ត​សញ្ញាណ​​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​។ ​​កប៉ាល់​នោះ​បើក​នៅ​​រយៈ​ចម្ងាយ​៣៧​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​នៃ​ទី​ក្រុង​កំពង់​ផែ​អាល់​កាសាប (Al Khasab)​​ ​ប្រទេស​អូម៉ង់​។ គេ​មិន​បាន​ដឹង​លម្អិត​ប៉ុន្មាន​ទេ​អំពី​ករណី​នេះ។ ​ សូម្បី​តែ​កប៉ាល់​នោះ​ដោត​ទង់​ជាតិ​ប្រទេស​ណា​ ឬ​ក៏​កប៉ាល់​នោះ​ដឹក​ទំនិញ​អ្វី​ខ្លះ​ក៏​គេ​មិន​បាន​ដែរ​​។ ប្រភព​ខ្លះ​ថា​កប៉ាល់​នោះ​រង​ការ​ខូច​ខាត​​នៅ​ត្រង់​​ផ្នែក​ខ្លះ​។ ទី​ក្រុង​អាល់​កាសាប​ស្ថិត​នៅ​ចុង​ឧបទ្វីប​អារ៉ាប់​ដែល​លយ​ចូល​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។

ចាប់​តាំង​ពី​ចុង​​ខែ​កុម្ភៈ ច្រក​សមុទ្រ​នេះ​ត្រូវ​បាន​បិទ​ដំណើរ​ការ​ទាំង​ស្រុង​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​ផង​ មាន​ន័យ​ថា​គ្មាន​កប៉ាល់​ណា​អាច​បើក​ចេញ​ចូល​បាន​ឡើយ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​អ៊ីរ៉ង់​​​។ ហេតុ​នេះ អា​មេរិក​ក៏​បិទ​ដែន​សមុទ្រ​អ៊ីរ៉ង់​វិញ​ដែរ​ដើម្បី​មិន​ឱ្យ​កប៉ាល់​នានា​អាច​បើក​ចេញ​ ឬ​ចូល​កំពង់​ផែ​របស់​ប្រទេស​នេះ​បាន​ឡើយ​។ លោកត្រាំ​មាន​ប្រសាសន៍​ថា​អ៊ីរ៉ង់​ និង​អាមេរិក​ចាប់​ផ្ដើម​ចរ​ចា​គ្នា​ឡើង​វិញ​ហើយ​។ លោក​ថ្លែង​ដូច្នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​អំពាវ​នាវ​ឱ្យ​យោធា​អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​យ៉ាង​ខ្លាំង​ក្លា​។ ប៉ុន្តែ​ក្រោយ​មក​ លោក​ថា​លោក​ផ្អាក​ផែន​ការ​វាយ​ប្រហារ​នោះ​វិញ​តប​តាម​សំណើ​របស់​ប្រទេស​កាតា​ អារ៉ាប៊ី​សាអូឌីត និង​អារ៉ាប់​រួម​។ លោក​អះ​អាង​ថា​ទោះ​បី​អ៊ីរ៉ង់​ទទួល​ស្គាល់ ឬ​មិន​ទទួល​​​ស្គាល់​យ៉ាង​ណា​ក្ដី ជាក់​ស្ដែង យើង​កំពុង​ចរ​ចា​គ្នា​។​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ប្រកាស​ថា​គ្មាន​គណៈ​ប្រតិ​ភូ​អ៊ីរ៉ង់​ណា​មួយ​កំពុង​ចរ​ចា​គ្នា​ជា​មួយ​អា​មេរិក​ទេ​។ លោក​ថា​អ៊ីរ៉ង់​ចរ​ចា​តែ​ជា​មួយ​អូម៉ង់​ប៉ុណ្ណោះ​ដើម្បី​ពិគ្រោះ​គ្នា​អំពី​ការ​បង្កើត​ច្រក​សុវត្ថិ​ភាព​​សម្រាប់​​កប៉ាល់​នានា​​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។

លោក​ត្រាំ​ចាប់​ផ្ដើម​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​​ខ្លាំង​ចំពោះ​អ៊ីរ៉ង់​។ លោក​អះ​អាង​ថា​អ៊ីរ៉ង់​ជា​អ្នក​បោះ​ដៃ​ទៅ​អាមេរិក​ដើម្បី​ចរ​ចា​គ្នា​។ នេះ​ជា​ចំណុច​សំខាន់​ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​សង្គ្រាម​ និង​បើក​ដំណើរ​ការ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។ លោកបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​និយាយ​ក្រឡិច​ក្រឡុច​បាត​ដៃ​ជា​ខ្នង​ដៃ​។ ពួក​គេ​ស្នើ​សុំ​ទៅ​អា​មេរិក​ដើម្បី​ចរ​ចា​គ្នា​ អាច​និយាយ​បាន​ថា​ពួក​គេ​សូម​សំពះ​អង្វ​រ​ចរ​ចា​គ្នា​ក៏​បាន​ដែរ​។ ការ​ចរ​ចា​គ្នា​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ​ហើយ​ ហើយ​នឹង​បន្ត​ការ​ចរ​ចា​គ្នា​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ផ្ទុយ​ទៅ​វិញ ពួក​គេបែរ​ជា​​ប្រកាស​ក្ដែង​ៗ​ជា​ចំហ​ និង​ដោយ​អំនួត​ថា​គ្មាន​ការ​ចរ​ចា​គ្នា​ទៅ​វិញ​​​៕ ប្រភព៖ AP​