ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​ក​ក្ត​ដា នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ជាង​២០០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល​ពេញ​មួយ​ខែកក្កដា ឆ្នាំ​២០២៦​នេះ កម្លាំង​នគរបាល​ជាតិ ​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បន្ត​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​យ៉ាងសកម្ម ចំនួន​២០៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៣៤៥​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ នេះ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ ។

បើ​តាម​របាយការណ៍​ដដែល បទល្មើស​ព្រហ្មទណ្ឌ​ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល​មួយ​ខែ​នោះ មាន​ជា​អាទិ៍ បទល្មើស​ហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភ​សេពសន្ថវៈ ឃាតកម្ម បំពាន​ផ្លូវភេទ ប្រើប្រាស់​អាវុធ​ខុសច្បាប់ មនុស្សឃាត​អ​ចេតនា និង​បង្ខាំង​មនុស្ស​ខុសច្បាប់​។ ក្នុង​នោះ​បទល្មើស​កើតឡើង ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ច្រើន គឺ​បទល្មើស​លួច​សរុប​៨៦​ករណី និង​ហិង្សា​ចំនួន​៥៤​ករណី ​។

បើ​តាម​របាយការណ៍ បទល្មើស​ទាំងនេះ កើតឡើង​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ចំនួន​២២​ទៀត រួម​មាន ខេត្តកណ្ដាល បាត់ដំបង បន្ទាយ​មាន ជ័យ ក្រចេះ ស្វាយ​រៀង ព្រះ​វិហារ ត្បូងឃ្មុំ កំពត មណ្ឌលគិរី ព្រៃវែង តាកែវ ព្រះ​សីហ​នុ ស្ទឹង​ត្រែង សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ​ឧត្តរមានជ័យ កំពង់ស្ពឺ ប៉ៃលិន និង​ខេត្តរតនគិរី​ ។

គូសបញ្ជាក់​ផង​ដែរ​ថា ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ជា​ទិស​ដៅ​អាទិភាព​មួយ​ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង​៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​បង្កើន​ការ​យកចិត្តទុកដាក់​យ៉ាង​ម៉ឺងម៉ាត់ ចាប់ពី​ដើម​នីតិកាល​ទី​៧ នៃ​រាជរ​ដ្ឋា​ភិ បាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម សំដៅ​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជា​ព ល​រដ្ឋ​៕